ចំនួនអ្នកស្លាប់ដែលសង្ស័យបណ្តាលមកពីពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់បានកើនឡើងដល់ 10នាក់ហើយគិតមកដល់ថ្ងៃទី 3ខែមិថុនាឆ្នាំ២០២១នេះខណៈដែលអ្នកដែលកំពុងសម្រាកព្យាបាលធ្ងន់ស្រាលមានចំនួន 94នាក់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរប្រាប់ឲ្យដឹងថាជនរងគ្រោះដែលស្លាប់ដោយសារពុលស្រាសទាំង១០នាក់នោះមានស្ត្រី 8 នាក់និងប្រុស២នាក់។ ដោយឡែកអ្នកសម្រាកព្យាបាលទាំង94នាក់ជនរងគ្រោះជាស្ត្រីចំនួន 19 នាក់ក្នុងនោះបញ្ជូនយកទៅសង្គ្រោះនៅភ្នំពេញបានកើនឡើងដល់ 15 នាក់ហើយ។

លោកបញ្ជាក់ថាចំពោះជនសង្ស័យដែលជានៅលក់ស្រាសបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់យ៉ាងច្រើននោះសមត្ថកិច្ចបានឃាត់ខ្លួននឹងរៀបចំបញ្ជូននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី 3ខែមិថុនានេះផងដែរ។

ជនសង្ស័យទាំងពីរនាក់នោះរួមមានឈ្មោះទុយ គឹមគៀងហៅទៀងអាយុ 71 ឆ្នាំនិងប្រពន្ធឈ្មោះទ្រី វណ្ណាអាយុ 61 ឆ្នាំរស់នៅក្នុងភូមិសានសរឃុំអន្សាចំបក់ស្រុកក្រគរ។

សូមជម្រាបជូនថា ពលរដ្ឋដែលរងគ្រោះទាំងអស់នោះរស់នៅក្នុងភូមិសានស ភូមិថ្គោលធំនិងភូមិកំពង់ថ្គោលក្នុងឃុំអន្សាចំបក់ស្រុកក្រគរ៕

អត្ថបទនិងរូបភាព៖ភ្នាក់ងារត្រយងញូវស៍ពោធិ៍សាត់

Share.