បាត់ដំបង÷ ជីដូនរវល់ការងារផ្ទះមួយពេលបណ្តោយឲ្យចៅប្រុសស្រីនាំគ្នាចុះលេងទឹកស្រះក្បែរផ្ទះលង់ស្លាប់ទាំង ២នាក់។

នគរបាលបានរាយការណ៍ឲ្យដឹងថា ករណីកុមារលង់ទឹកបណ្តាលឲ្យស្លាប់នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅចំណុចក្រុមទី ១៧ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

កុមាររងគ្រោះមានឈ្មោះណាំង ស្រីនិច្ច ភេទស្រី អាយុ ៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ រតនា ប៊ុនថៃ ភេទប្រុស អាយុ ៤ឆ្នាំ ទាំង ២នាក់ រស់នៅភូមិ-ឃុំខាងលើក្នុងបន្ទុកគ្រួសារជាមួយគ្នានឹងជីដូន។ កុមារា កុមារីរងគ្រោះនេះត្រូវជាបងប្អូនជីដូនមួយនិងគ្នា។

តាមការបំភ្លឺពីឈ្មោះ ញាន ស៊ីណា ត្រូវជាមីងរបស់ជនរងគ្រោះបានបញ្ជាក់ថា÷ នៅមុនពេលកើតហេតុប្រមាណជា ១០នាទីនាងបានក្មួយរបស់នាងទាំង ២នាក់បានឡើងលេងនៅលើគោយន្ត ប៉ុន្តែរំលងបានបន្តិចស្រាប់តែបាត់ក្មួយទាំង ២នាក់ដោយមិនដឹងថាទៅកន្លែងណា ភ្លាមៗនាងជាមួយនិងបងប្អូនឯទៀតបសននាំគ្នាដើររក ប៉ុន្តែមិនឃើញ រហូតមកពិនិត្យនៅក្បែរស្រះឋិតនៅជិតផ្ទះក៏ប្រទះឃើញស្បែកជើង ក្រោយសង្ស័យបានចុះរាវរកក៏ប្រទះឃើញតែម្តងហើយប្រញាប់ប្រញាល់នាំយកទៅសង្គ្រោះនៅមន្ទីរ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថាហួសពេលហើយក្មេងទាំង ២ បានស្លាប់ហើយ។

ជុំវិញករណីដដែលកម្លាំងនគរបាលផ្នែកជំនាញ រួមទាំងគ្រូពេទ្យបានចុះពិនិត្យមើលដោយសន្និដ្ឋានថាកុមារជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន៕

អត្ថបទ៖ ដំបងក្រញូង

Share.