ក្រោយ​សមត្ថកិច្ច​នគរបាល​ចេញ​លិខិត​តាម​ចាប់​ខ្លួន​បុគ្គល​ឈ្មោះ​ Chaiyapol ក្នុង​ករណី​សម្លាប់​ក្មួយ​អាយុ​៣​ឆ្នាំ​ តារា​ចម្រៀង​​ល្បីJintara Poonlarp បាន​លុប​ចោល​បទ​ចម្រៀង​ល្បី​របស់​ខ្លួន​ដែល​ច្រៀង​ដៃ​គូ​ជាមួយ​នឹង​ Chaiyapol ​ចោល​ព្រម​ទាំង​ដើរ​ធ្វើ​បុណ្យ​លែង​ត្រី​រុំ​ស្បែ​ថ្វាយ​ព្រះ​ជា​ដើម​។

រឿង​ក្ដី​ដើម​កក្រើក​ប្រើ​ពេល​មួយ​ឆ្នាំ​ជាង​ទើប​សមត្ថកិច្ច​អាច​វែក​មុខ​រក​ឃាតក​សម្លាប់​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​បាន​ ប៉ុន្តែ​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​អាជ្ញាធរ​ដុត​ដៃ​ដុត​ជើង​ស្វែង​ដើម្បី​វែក​រក​មុខ​ជនសង្ស័យ​​​នោះ​ឃាតក​ បាន​ក្លាយ​ជា​បុគ្គល​ល្បី​ជា​សាធារណៈ​បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ភាសន៍​ធំ​ៗ​ក្នុង​ទូរទស្សន៍​ មាន​ផលិតករ​ហៅ​ថត​ភាពយន្ត​ ថត​បង្ហាញ​ម៉ូដ​ និង​បាន​ច្រៀង​ជាមួយ​នឹង​តារា​ចម្រៀង​សំនៀង​រដឺន​ដ៏​ល្បីល្បាញ​របស់​ថៃ​អ្នកស្រី​ Jintara​ ​ក្នុង​បទ​ចម្រៀង​ដ៏​ល្បី​ «เต่างอย» ដែល​មាន​ចំនួន​ទស្សនា​លើស​ពី​១០​លាន​ដង​លើ​ Channel YouTube ថែម​ទៀត​ផង​។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ធំៗ​នៅ​ប្រទេស​ថៃ​ ក្រោយ​ដំណឹង​ដែល​សមត្ថកិច្ច​ចេញ​លិខិត​ចាប់​ខ្លួន​នាយ​ Chaiyapol ដែល​មាន​ឋានៈ​ជា​អ៊ុំ​របស់​ជន​រងគ្រោះ​កុមារី​វ័យ​៣​ឆ្នាំ​ហើយ​នោះ​ សង្គម​អនឡាញ​និង​មជ្ឈដ្ឋាន​មហាជន​ចាប់​ផ្ដើម​មាន​ការ​វិភាគ​និង​រិះគន់​យ៉ាង​ខ្លាំង​ដែល​កន្លង​មក​សារព័ត៌មាន​និង​កម្មវិធី​ធំ​ៗ​បាន​អញ្ជើញ​ឃាតក​ចូលរួម​ផ្ដល់​បទ​សម្ភាសន៍​ ដែល​ជា​ការ​ជួយ​ឃោសនា​ផ្សព្វផ្សាយ​ឱ្យ​បុគ្គលនេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ថែម​ទៀត​។

យ៉ាង​ណា​មិញ​ តារា​ចម្រៀង​ Jintara ហាក់​រង​សម្ពាធ​រាង​ធ្ងន់​ជាង​គេ​ព្រោះ​​បាន​អញ្ជើញ​ឱ្យ​នាយ​ Chaiyapol ជា​ឃាតក​នោះ​ចូល​រួម​សម្ដែង​និង​ច្រៀង​ជាមួយ​ខ្លួន​ក្នុង​បទ​ចម្រៀង​ល្បី​របស់​ខ្លួន ​ដែល​ផលិត​ជា​ពិសេស​និង​ថ្មី​មួយ​ទៀត​ជាមួយ​នឹង​ឃាតក​រូប​នោះ​។ ក្រោយ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ និង​ ធ្វើ​ឱ្យ​ផ្ទុះ​មាន​មតិ​រិះគន់​ធ្ងន់​ៗ ដោយ​សារ​តារា​រូប​ចម្រៀងរូប​នេះ​យក​ឃាតក​មក​ច្រៀង​ជាមួយ​ គឺ​ធ្វើ​​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធម៌​និង​អយុត្តិធម៌​នៅ​វិលវល់​មិន​អាច​ទៅ​កាន់​សុគតិភព​។

ទី​បំផុត​តារា​ចម្រៀង Jintara បាន​សម្រេច​ចិត្ត​លុប​ចោល​ឃ្លីប​បទ​ចម្រៀង​ដ៏​ល្បី​ដែល​មាន​ចំនួន​ចុច​ទស្សនា​រាប់​សិប​លាន​របស់​ខ្លួន​ចោល​ មិន​តែ​ប៉ុណ្ណោះ​តារា​រូប​នេះ​ក៏​បាន​ព្យាយាម​ធ្វើ​បុណ្យ​លែង​ត្រី​ ទិញ​ស្បង់​មក​រុំ​ជា​ចីពរ​ថ្វាយ​រូប​សំណាក​ព្រះ​ជា​ដើម​ ដែល​ទង្វើ​នេះ​ក៏​នៅ​តែ​មាន​អ្នក​រិះគន់​ដែរ​ថា​មិន​អាច​លុបលាង​បាប​ដែល​ខ្លួន​បាន​ផ្ដល់​ឱកាស​និង​ជួយ​ជ្រោមជ្រែង​និង​ជួយ​ការពារ​ឃាតក​កន្លង​មក​នោះ​ទេ​។​

គួរ​ដឹង​ដែរថា​នាយ​ Chaiyapol ត្រូវ​ជា​អ៊ុំ​របស់​កុមារី​រង​គ្រោះ​ដែល​មាន​វ័យ​ត្រឹម​តែ​៣​ខួប​ ហើយ​រឿង​ក្ដី​ឃាតកម្ម​មួយ​នេះ​គឺ​ជា​រឿង​ក្ដី​ដែល​ជនជាតិ​ថៃ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​តើ​អ្នកណា​ជា​ឃាតក​ចិត្ត​ដាច់​រូប​នោះ​។​ ទោះ​ជា​ប៉ូលិស​បាន​ចេញ​លិខិត​ចាប់​ខ្លួន​តែ​នាយ​ Chaiyapol បាន​រត់​គេច​ខ្លួន​បាត់​ ដូច្នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ហេតុអ្វី​ធ្វើ​ឱ្យ​លោក​ដាច់​ចិត្ត​សម្លាប់​ក្មួយ​របស់​ខ្លួន​នៅ​ឡើយ​នោះ​ទេ​៕

ទស្សនាវីដេអូ​ចម្រៀង​ «เต่างอย» ដក​ស្រង់​ពី​ Channel YouTube ផ្សេងដូច​ខាង​ក្រោម​នេះ​៖

https://www.youtube.com/watch?v=wtZ6bBk1LTU
Telegram-Troryorng
Share.