ភ្នំពេញ ៖ ឃ្លាំងលក់រថយន្តចំនួន៣ឃ្លាំងជាប់ៗគ្នា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យ ខូចខាតរថយន្តអស់១២គ្រឿង ម៉ូតូចំនួន២គ្រឿង និងសម្ភារៈអស់មួយចំនួនទៀត។

ហេតុនេះបានបង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ៧០ កែងផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ខណៈក្នុងឃ្លាំងមានរថយន្តដាក់នៅខាងក្នុងត្រៀបត្រា ម្ចាស់បិទទ្វារ ដេកសម្រាក ស្រាប់តែនៅវេលាម៉ោងខាងលើ មានអគ្គិភ័យឆាបឆេះចេញពីផ្នែកខាងក្នុង អណ្តាតភ្លើងឆេះសន្ធោឡើង បង្កឲ្យផ្អើលឆោឡោ ទាំងពលរដ្ឋក្បែរខាង សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងត្រូវបានបញ្ជូនទៅអន្តរាគមន៍ ។

គ្រោះអគ្គិភ័យឆឆេះឃ្លាំងលក់រថយន្តចំនួន៣ឃ្លាំងជាប់គ្នា បណ្តាលឲ្យរថយន្តចំនួន១២គ្រឿងទទួលរងខូចខាត ម៉ូតូ២គ្រឿងត្រូវបានភ្លើងឆេះ អស់ទាំងសម្ភារៈមួយចំនួនទៀតផង ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យចេញពីអង្គភាពផ្សេងៗគ្នា ប្រើប្រាស់អស់រយៈពេលជាង១ម៉ោង ទើបគ្រប់គ្រងបាន ដោយប្រើប្រាស់ទឹកអស់១៦រថយន្ត ភ្លើងរលត់ទៅវិញ ចំពោះមូលហេតុផ្តើមឲ្យឆាបឆេះ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ បន្តស្រាវជ្រាវជុំវិញគ្រោះអគ្គិភ័យខាងលើ ៕

អត្ថបទ៖ ទូច វិច្ឆិកា, លី សុភ័ស

Share.