ត្បូងឃ្មុំ ៖ បុរសជាអ្នកបើកបររថយន្តសាំយ៉ុងម្នាក់ស្លាប់កៀបក្នុងរថយន្ត ចំណែកអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយរថយន្តសាំយ៉ុងបើកវ៉ាជែងមិនផុតជ្រុលកៀររថយន្តខាងមុខ រួចជ្រុលទៅបុករថយន្តហុីយ៉ាន់សណ្តោងរុឺម៉កច្រាសទិស កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៤-១២៥ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3961 បើកពីកើតទៅលិចល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងមិនផុតជ្រុលកៀររថយន្តហុីយ៉ាន់ដាយមួយគ្រឿងកំពុងបើកនៅខាងមុខ ហើយជ្រុលទៅបុករថយន្តច្រាសទិស
ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-4455 សណ្តោងសឺមឺរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ 4A-0036 កំពុងបើកពីកើតទៅលិច បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរក្នុងរថយន្ត អ្នករួមដំណើរ២នាក់រងរបួសធ្ងន់ ចំណែករថយន្តដែលបើកកៀរមុនគេនោះបានបើករត់គេចទៅបាត់ នៅសល់តែរថយន្ត២គ្រឿងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះ២នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត២គ្រឿងខូចខាតធ្ងន់ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក ចំណែកសពអ្នកបើកបររថយន្តម្នាក់ សមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងរកក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.