ក្រុងព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូដឹកកូនចេញពីសាលារៀន ត្រូវរថយន្តដឹកដីបុកស្លា.ប់ទាំង២នាក់ នៅនឹងកន្លែងនាវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ២០២២ ចំណុចចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។


យោងតាមប្រភពបឋមពីនគរបាលមូលដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានឲ្យដឹងថា សពជនរងគ្រោះដែលជាឪពុកឈ្មោះ អនុសេនីយ៍ឯក ប៊ួ រតនា អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺន ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសពកូនប្រុសមានឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ ភាសាចិន នៃសាលាកាងហ៊ួ បានស្លាប់ភ្លាមៗក្រោយពេលកើតហេតុជាមួយនិងឪពុក ។

បច្ចុប្បន្ននគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះជួយសម្រួលចរាចរណ៍ការពារកន្លែងកើតហេតុ និងស្ទួចយកវត្ថុតាងទាំងពីយកទៅរក្សាទុករងចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ ចំពោះសពរៀបចំប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី

យោងតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ កំពង់ស្ពឺ៖ 3A-4500 បើកបរដោយបុរសម្នាក់ ទិសដៅពីផ្លូវជាតិ លេខ៤ឆ្ពោះមកអូរ៣ លុះមកដល់ចំណុចកើតហេតុរថយន្តជាន់ហ្វ្រាំងមិនសុីសង្ស័យដាច់ហ្វ្រាំង ក៏បានបុកគ្នាចំមុខជាមួយនិងម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ៖ 1G-7537 យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងកូនប្រុសម្នាក់ទៀតស្លាប់ដូចគ្នា ។ចំណែកតៃកុងរថយន្តបានរងរបួសមធ្យម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទ៖ ព្រះសីហនុ

Share.