លោក ខឹម វាសនា ទទួលស្គាល់ផលវិបាកនៃការប្រមូលផ្ដុំអ្នកគាំទ្រ ហើយលោកក៏យប់ព្រមរំសាយការជួបជុំតាមសមត្ថកិច្ចណែនាំដែរ។ ចំណែកក្រុមអ្នកគាំទ្រលោកវិញ ទោះជាមិនទាន់មានឃើញរលកនៃការអាក់អន់ស្រពន់ចិត្តចំពោះការឃោសនារបស់លោក ខឹម វាសនា ប៉ុន្តែជាបណ្ដើរៗពួកគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយដែរ។

ក្នុងនាមជាយុវជនម្នាក់ ទោះខ្ញុំមិនគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមិនគាំទ្រទស្សនៈលោក ខឹម វាសនា រួមទាំងកាយវិការនិងពាក្យសម្ដីអ្នកគាំទ្រលោកក៏មែនពិត ប៉ុន្តែខ្ញុំមិនចង់ឃើញជនរួមជាតិយើង ប្រើពាក្យសម្ដី ឬវោហារសព្ទឌឺដង ផ្លែផ្កាជ្រុលហួសលើក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធ និងគាំទ្រលោក ខឹម វាសនាឡើយ។

វាមិនចំណេញដល់ជាតិសូម្បីតែបន្តិច! ផ្ទុយទៅវិញវានឹងធ្វើឱ្យដក់ជាប់ការឈឺចាប់ និងគំនុំសងសឹកទៀតផង។ ខ្ញុំគ្រាន់តែសាកល្បងលើកជាគំនិតទេ ប្រសិនបើមនុស្សរាប់រយពាន់នាក់ដែលគាំទ្រលោក ខឹម វាសនា ពិសេសក្រុមអ្នកទៅចំការលោកវាសនា នៅភ្នំគូលេន ត្រូវបៀមជាប់ដោយការឈឺចាប់និងគំនុំ តើវានឹងជះឥទ្ធិពលបែបណាដល់សង្គមជាតិ។

បើយើងជាអ្នកស្រលាញ់គុណធម៌ ស្រលាញ់ផ្លូវត្រូវ ជាអ្នកគិតត្រូវ ជឿត្រូវ ធ្វើត្រូវ និងដែលសុទ្ធតែយល់ថាក្រុមលោក ខឹម វាសនា កំពុងយល់ខុស ជឿខុស និងធ្វើខុស យើងគួរតែមានចិត្តសង្វេកនឹកអាណិតដល់ពួកគាត់ ហើយរួមគ្នាលើកទឹកចិត្តពួកគាត់កុំឱ្យធ្វើបែបនេះតទៅទៀត ដើម្បីប្រយោជន៍គាត់ ប្រយោជន៍សង្គម និងប្រទេសជាតិយើង។

នេះជាគំនិតខ្ញុំទេ ចុះអ្នកវិញ?

ដោយនិស្សិត ភត្រា

សម្រួលដោយត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០

Share.