ទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក និង ជាប្រវត្តិសាស្រ្តដែលបង្កឡើងដោយភ្លៀងមូសុងខុសប្រក្រតីនៅប៉ាគីស្ថាន បានបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង ស្ពាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,០០០នាក់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ និង បង្កផលប៉ះពាល់ដល់ប្រជាជនជាង ៣៣លាននាក់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នាថ្ងៃ អង្គារ ទី ៣០ ខែ សីហា ឆ្នាំ ២០២២។

រដ្ឋមន្រ្តីផែនការ លោក Ahsan Iqbal បាននិយាយថា «ខ្ញុំគិតថា វានឹងមានទំហំធំ។ រហូតមកដល់ពេលនេះ ការប៉ាន់ស្មានបឋមគឺថា វាបង្កការខូចខាតធំធេង វាខ្ពស់ជាង ១០ពាន់លានដុល្លារ។

លោករដ្ឋមន្រ្តីបានបន្ដថា វាអាចចំណាយពេល ៥ឆ្នាំ ដើម្បីកសាង និង ស្ដារឡើងវិញនូវប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២០លាននាក់ ដែលនឹងប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារធ្ងន់ធ្ងរ។ លោកថា ដំណាំកប្បាស ៤៥ភាគរយ ត្រូវបានជន់លិច បន្ថែមពីលើការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ បន្លែ ផ្លែឈើ និង ស្រែចម្ការ។

លោកបានលើកឡើងថា រហូតមកដល់ពេលនេះ យើងបានបាត់បង់ជីវិតមនុស្ស ១,០០០នាក់ហើយ ហើយផ្ទះសម្បែងជិត ១លានខ្នងបានខូចខាតដោយសារគ្រោះទឹកជំនន់នេះ ដោយបណ្ដាលឲ្យប្រជាជនបាត់បង់ជីវភាពរស់នៅប្រចាំថ្ងៃទាំងស្រុង។

ដោយឡែកមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃ សៅរ៍ បន្ទាប់ពីទឹកទន្លេហក់ឡើងយ៉ាងលឿនបានបំផ្លាញស្ពានដ៏សំខាន់មួយ ខណៈទឹកជំនន់ដ៏សាហាវនេះបានបង្កការបំផ្លិចបំផ្លាញនៅទាំងប្រទេស។

ទាក់ទិននឹងបញ្ហានេះ ប្រទេសប៉ាគីស្ថានបានស្វែងរកជំនួយអន្តរជាតិរួចហើយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដ៏ច្រើនលើសលប់ ខណៈប្រទេសមួយចំនួនបានបញ្ជូនគ្រឿងផ្គត់ផ្គង់ និង ក្រុមជួយសង្រ្គោះរួចហើយ នៅទីនោះ។

យោងតាមមន្រ្តីគ្រោះមហន្ដរាយបានឲ្យដឹងថា ការភ័យខ្លាចនៃទឹកជំនន់នៅជុំវិញច្រាំងទន្លេបានជំរុញឲ្យប្រជាជនប្រហែល ១៨០,០០០នាក់ នៅក្នុងស្រុក Charsadda ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈនៅតាមខេត្តនានាបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ និង រាយការណ៍ពីករណីស្លាប់ដោយសារទឹកជំនន់៕

ប្រភព៖ The nation thailand

Share.