បើតាមការសិក្សា និងឯកសារដែលចេញផ្សាយរួមគ្នាដោយក្រសួងអភិវឌ្ឈន៍ជនបទ, Wash Journalis Network, ក្លិបអ្នកកាសែតកម្ពុជា Australian Aid និង WaterAid បន្ទោបង់ក្រៅបង្គន់ ឬហៅថាការបន្ទោបង់ពាសវាលពាសកាល អាចផ្ដល់លទ្ធភាពឱ្បបង្កបង្កើតមេរោគកាន់តែច្រើននៅក្នុងបរិស្ថាន ហើយជាលទ្ធផលវានឹងក្លាយជាប្រភពនៃការបង្កជំងឺឆ្លងគ្រប់ប្រភេទ និងមានគ្រោះថ្នាក់បំផុតសម្រាប់មនុស្ស។

ការបន្ទោបង់មិនត្រឹមត្រូវ ឬការបន្ទោបង់ពាសវាលពាសកាល នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។ តាមការស្រាវជ្រាវជាសកល ឥទ្ធិពលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះ ក៏ព្រោះតែលាមកជាប្រភពនៃមេរោគ។ ប្រសិនបើជាមធ្យមមនុស្សម្នាក់បន្ទោបង់លាមក់ទំងន់៣ខាំ គេប៉ាន់ប្រមាណថាលាមក១ក្រាមផ្ទុកមានផ្ទុកវីរុសចំនួន១០លាន, ប៉ារ៉ាសិតចំនួន១ពាន់, បាក់តេរីចំនួន១លាន និងព្រូនយ៉ាងហោចណាស់១០០។

យ៉ាងហោចណាស់មានផលប៉ះពាល់ដល់សុខភាពចំនួន៦ចំណុចដែលកើតចេញពីការបន្ទោបង់ពាសវាសពាសកាល ពិសេសហានិភ័យនៃផលវិបាកដែលកើតឡើងនៅក្នុងរដូវកាលធ្លាក់ភ្លៀងជោគជាំនេះតែម្ដង។

១.ជំងឺរាក តាមការប៉ានស្មានរបស់អង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ ២០១០ ក្នុងពិភពលោកជំងឺរាក បានសម្លាប់មនុស្សប្រមាណ២,២ លាននាក់ក្នុងមួយឆ្នាំ ដោយក្នុងនោះភាគច្រើនជាកុមារនៅកម្ពុជា២០ភាគរយនៃមូលហេតុស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំគឺបណ្តាលមកពីជំងឺរាក។ ចំនួន៨៨% នៃជំងឺរាកគឺបណ្តាលមកពី កង្វះអនាម័យបរិស្ថាន និងការប្រតិបត្តិអនាម័យផ្ទាល់ខ្លួនមិនបានល្អ រួមនឹងការហូបទឹកមិនមានសុវត្ថិភាព។ តួលេខនេះ ផ្អែកតាមរបាយការណ៍របស់ UNCEF។

២. ជំងឺដង្កូវព្រូន ការបន្ទោបង់ពាសវាលពាសកាលនិងកង្វះអនាម័យផ្នែកចំណីអាហារ បានបង្កឲ្យមានជំងឺដង្កូវព្រូនជាច្រើនប្រភេទដល់មនុស្សគ្រប់វ័យជាពិសេសកុមារ រួមមានដូចជាព្រូនសំប៉ែត ព្រូនចង្កឹះ អៀន និងព្រូនទំពក់។

៣. ជំងឺសើស្បែក និងជំងឺផ្លូវដង្ហើម កង្វះអនាម័យខ្លួនប្រាណ ការពុំលាងសម្អាតដៃជាមួយសាប៊ូ ក៏ជាមូល ហេតុសំខាន់អាចបង្កឱ្យមានជំងឺសើស្បែក ជំងឺផ្លូវដង្ហើម ដូចជាជំងឺឆ្លងផ្សេងៗដល់មនុស្សគ្រប់វ័យផងដែរ។

៤. ជំងឺក្រិន មានភស្តុតាងកាន់តែច្រើនដែលផ្សារភ្ជាប់ការបន្ទោបង់ពាសវាលពាសកាលទៅនឹងសុខភាពមិនល្អរបស់ កុមារ តាមរយៈយន្តការយ៉ាងហោចណាស់ពីរ។

យន្តការទី១ ដគេស្គាល់ច្រើនជាងគេគឺជំងឺរាគ ដែលបណ្តាលមកពីមេរោគក្នុងលាមកបានឆ្លងចូលទៅក្នុងខ្លួនកុមារតាមរយៈការបរិភោគនិងផឹកទឹកមិនស្អាត។

យន្តការទី២ ដែលគេទើបតែនឹងសិក្សាឃើញនា ពេលថ្មីៗនេះ គឺភាពមិនប្រក្រតីនៃពោះវៀនដែលបណ្តាលមកពីការប៉ះពាល់នឹងលាមកជាប្រចាំ និងចម្លងចូលទៅក្នុងខ្លួន មនុស្សតាមផ្លូវចម្លងមេរោគផ្សេងៗ។ ស្ថានភាពនេះ ហៅថា រោគពោះវៀនបរិស្ថាន (Environmental Enteropathy) ដែល រារាំងការស្រូបយកចំណីអាហារចិញ្ចឹមរាងកាយ សូម្បីតែកុមារមិនមានជំងឺរាក ឬអាការៈឈឺក៏ដោយ។ តួលេខនេះផ្អែកតាមរបាយការណ៍របស់ WSP ២០១៣ ការបង្កើនអនាម័យជនបទ។

៥. ផលប៉ះពាល់ផ្នែកបរិស្ថាន៖ ក្នុង១ថ្ងៃៗ លាមកប្រមាណជាង ២៣៤ តោននិងទឹកនោមប្រមាណ ២៣០០ ម៉ែត្រគូបបានហូរចូលទៅក្នុងប្រភព ទឹកស្អាតសម្រាប់ប្រើប្រាស់។ ត្រីជាច្រើនអាចត្រូវពុលស្លាប់ដោយសារទឹកមិនស្អាតដែលមានលាមកបានហូរចូល។

៦. ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សរុបខាតបង់ប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំ ៖ខាតបង់លើសុខភាព ខាតបង់លើការបំពុល =១៨៧លានដុល្លារ

ខាតបង់លើការបំពុលប្រភពទឹក១៥០លានដុល្លារ, ខាតបង់ទៅលើពេលវេលាដើរទៅកណ្ដាលវាល ឬព្រៃ ៣៨លានដុល្លារ ខាតបង់ទៅលើផ្នែកទេសចរណ៍ចំនួន៧៣លានដុល្លារ មានន័យថាក្នុងម្នាក់ៗបាត់បង់ប្រាក់អស់ ៣២ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ តួលេខនេះ ផ្អែកតាមរបាយការណ៍ WSP ឆ្នាំ២០០៨៕

Share.