ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនចោរឆក់ទូរស័ព្ទ ៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ជនត្រូវចោទទី១.ឈ្មោះ ជួន បូរី ភេទប្រុសអាយុ១៨ឆ្នាំ ទី២.ឈ្មោះ សៀន មករា ភេទប្រុសអាយុ១៨ឆ្នាំ និង៣.ឈ្មោះ សាន វណ្ណណិត ភេទប្រុសអាយុ១៥ឆ្នាំ។

លោក វរសេនីយ៍ឯក ម៉ន វុធី អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ ទាំង៧ និងផ្នែក នៃអធិការដ្ឋានខណ្ឌ ចេញល្បាតពួន ស្ទាក់ឃ្លាំមើលបង្ការ បង្ក្រាប បទល្មើស លួច ឆក់ ប្លន់ ក្រុមក្មេងទំនើង តាមដងផ្លូវសាធារណៈ ដេីម្បីការពារសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញ ជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីជនរងគ្រោះ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានភ្លាមៗ ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖ ម៉ូតូចំនួន០២គ្រឿង ជារបស់ជនសង្ស័យ ធ្វើសកម្មភាព និង ទូរស័ព្ទដៃ របស់ជនរងគ្រោះ៕

អត្ថបទ៖ ចតុមុខ

Share.