«ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ យើងនឹងអនុវត្តតាមនីតិវិធីដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្តដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់»។ នេះជាខ្លឹមសារឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបង្ហោះលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តមបន្តថា សូមបងប្អូនប្រជាពលរដ្ឋកុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ និងថារដ្ឋបាលខេត្តមិនទុកឲ្យសកម្មភាពអនាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។

ការបញ្ជាក់ជាថ្មីពីជំហរអាជ្ញាធរចំពោះមុខការជួបជុំនៃក្រុមអ្នកគាំទ្រលោក ខឹម វាសនា ពីសំណាក់អភិបាលខេត្តសៀមរាបនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានបង្ហោះលិខិតមួយដែលលោក ខឹម វាសនា បានស្នើទៅអាជ្ញាធរមូលដ្ឋានសុំពន្យាពេលជួបជុំរហូតដល់ដំណាច់ខែកញ្ញា ពោលគឺបន្តរក្សាការជួបជុំនេះមួយខែទៀត។ យ៉ាងណាក៏ដោយ អភិបាលខេត្តបានច្រានចោលការស្នើសុំនេះ និងថាវិធានការច្បាប់នឹងត្រូវអនុវត្តភ្លាមៗនៅពេលដល់ម៉ោងកំណតនាយប់នេះ៕

Share.