ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវជាលើកទី១ចាប់តាំងពីឥស្សរជនវ័យក្មេងរូបនេះឡើងកាន់មុខតំណែង។ ទស្សនកិច្ចដែលចាប់ផ្ដើមនៅថ្ងៃទី៣០​ខែសីហានេះ មានរយៈពេល៣ថ្ងៃ។

អញ្ជើញទៅដល់ប្រទេសឡាវនាព្រឹកថ្ងៃទី៣០សីហានេះ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ខាំលៀង ឧថាកៃសន អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ។

ឯកឧត្តម ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកទី១ មកកាន់ប្រទេសឡាវរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងថានេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដ៏សំខាន់រវាងកងទ័ពនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវក្តីសង្ឃឹមថា វឌ្ឍនភាពនេះ ក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងនាមជាប្រទេសជិតខាងល្អ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាមួយគ្នា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-ឡាវ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធតាំងពីដើមរៀងមក ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៥៦ ហើយនៅក្នុងឆ្នាំ២០១៩ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ ត្រូវបានលើកកម្ពស់ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។

ប្រមុខកងទ័ពជើងគោកកម្ពុជាបន្តថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងនេះឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះស្មារតីនៃការជួយយកអាសារគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ឡាវ ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ ជាពិសេសនៅក្នុងកាលៈទេសៈលំបាក។

ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានកន្លងមក ទោះបីជាមានការរអាក់រអួលខ្លះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយថែរក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរនៅតាមតំបន់ព្រំដែន ជាពិសេសការរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ឥ

ចំពោះទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែស្អិតរមួត និងរឹងមាំបន្ថែមទៀត ជាពិសេសលើសកម្មភាពផ្លាស់ប្តូរទៅវិញទៅមកក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

សូមបញ្ជាក់ថានៅឆ្នាំ២០២២នេះ ខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរកម្ពុជា ឡាវ។ដំណើរទស្សនកិច្ចឯកឧត្តម ហ៊ុន ម៉ាណែត លើកនេះ ជាផ្នែកមួយនៃការអនុវត្តនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នា៕

Share.