ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការ លើសំណុំរឿងលោកផ្កាយ៣ ឌួង ងៀប តែដោយសារអវត្តមានជនជាប់ចោទអតីតឧកញ៉ា ឌួង ងៀប។

មន្ត្រីពន្ធនាគាររាជធានីភ្នំពេញ PJ បានរាយការណ៍ក្នុងអង្គសវនាការថា ជនជាប់ចោទអតីតឧកញ៉ា ឌួង ងៀប និងមេធាវី គាត់បានដាក់ពាក្យសុំពន្យារពេលសវនាការ ទើបជនជាប់ចោទមិនព្រមមកតុលាការ។

លោក សេង ហៀង ព្រះរាជអាជ្ញារងទទួលបន្ទុករឿងក្ដីនេះក៏បានបញ្ជាក់ក្នុងអង្គសវនាការថា ៖ តុលាការបានចេញដីកាបង្គាប់ទៅពន្ធនាគារអោយនាំខ្លួនជនជាប់ចោទមកបង្ហាញមុខតាមនីតិវិធី តែមន្ត្រីអនុរ័ក្សមិនអនុវត្តតាម ដូច្នេះដើម្បីការពារផលប្រយោជច្បាប់ ក៏ដូចជាផលប្រយោជគូភាគីក្នុងរឿងក្ដី ជាពិសេសដើម្បីស្វែងរកយុត្តិធម៌គប្បីតុលាការលើកពេលសវនាការសិនដើម្បីនឹងបង្គាប់អោយនាំខ្លួនជនជាប់ចោទមកឆ្លើយតទល់គ្នា ។

យ៉ាងណាក៏ដោយ លោក សុិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបញ្ជាក់ក្នុងសវនាការថា តុលាការបានបង្គាប់អោយពន្ធនាគារនាំខ្លួនជនជាប់ចោទមកតុលាការ ដូច្នេះពន្ធនាគារត្រូវអនុវត្តអោយបាន ការលើកពេល ឬ មិនលើកពេលសវនាការជាការសម្រេចរបស់ចៅក្រមតុលាការ មិនមែនជាកតព្វកិច្ចរបស់ជនជាប់ចោទទេ ។

សូមជម្រាបថា សំណុំរឿងនេះតុលាការសម្រេចលើកពេលទៅបន្តសវនាការនៅថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

កម្លាំងនគរបាលបាន អនុវត្តតាមដីកាឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បានចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប នៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀបសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ការចាប់ខ្លួនេះធ្វើឡើងដោយយោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ចុះថ្ងៃទី១ខែមីនា ឆ្នាំ២០២១បណ្តឹងរបស់ឈ្មោះ Huang Hsiao Hsien បានប្តឹងឈ្មោះ ឌួង ងៀប និង ឌួង ម៉េងហុង ពីបទឆបោកនិងក្លែងឯកសារសាធារណៈនិងសមគំនិតក្នុងអំពើឆបោកនិងអំពើក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅភ្នំពេញអំឡុងឆ្នាំ២០១៨កន្លងទៅ លើទឹកប្រាក់ជិត១០ លានដុល្លារ៕

អត្ថបទ៖ចតុមុខ

Share.