ក្រសួងមុខងារសាធារណៈ ត្រៀមនឹងប្ដូរអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទចាស់ដោយជំនួសមកវិញនូវអត្តសញ្ញាណប័ណ្ណប្រភេទថ្មី មានមុខងារដូចប័ណ្ណATM និងមុខងារឆ្លាតវ័យផ្សេងទៀត។ នៅថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០២២នេះ ក្រសួងបានចេញសេចក្ដីជូនដំណឹងដល់មន្រ្តីរាជការស៊ីវិលទាំងអស់នៅកម្ពុជាបានជ្រាប និងត្រៀមចូលរួមសហការ។

ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងបានឱ្យដឹងថា ផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យាស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈបានរៀបចំបោះពុម្ភនិងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មីជាប្រភេទ«ស្មាតកាត» (Smart Card) ដែលអាចអនុញ្ញាតឱ្យមន្ត្រីរាជការ ប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយសម្រាប់មុខងារចាំបាច់ដទៃទៀត។

បើតាមក្រសួងមុខងារសាធារណៈ ការត្រៀមរៀបចំអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ បានធ្វើឡើយដោយបានទទួល គោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា ក្រសួងមុខងារសាធារណៈ ខណៈកន្លងមក អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

«ទន្ទឹមនោះ ដោយមានការសម្របសម្រួលនិងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ព អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឱ្យ ម្ចាស់ប័ណ្ណបង់ថ្លៃឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ត្រីរាជការស៊ីវិលនិងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប និងចូលរួមសហការឱ្យបានល្អប្រសើរ»។ នេះជាការបញ្ជាក់របស់ក្រសួងមុខងារសាធារណៈ៕

Share.