ពានរង្វាន់​បាល់ទាត់​​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ធ្វើ​ដំណើរ​ដល់​ប្រកួត​ទី​៦៨​ហើយ ពោល​គឺ​ស្ថិត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី៣ ស្រប​ពេល​ដែល​កីឡាករ​ជនជាតិ​អ៊ូបេគីស្ថាន Alisher Mirzaev របស់​វិសាខា ជា​កីឡាករ​ថ្មី​ឈ្នះ​ងា​ Man Of The Match ក្នុង​ចំណោម​កីឡាករ​ធ្លាប់​ឈ្នះ​ទាំង​៣៦នាក់​មក​នេះ ឯ​កីឡាករ​កាណាដា Marcus Haber របស់​ព្រះខ័នរាជស្វាយរៀង កាន់​តែ​វ៉ា​ដាច់​កំពូល​តារាង អ្នក​ឈ្នះ​​ងា​នេះ​ច្រើន​ជាង​កីឡាករ​ដទៃ​ទៀត។

កីឡាករ Alisher Mirzaev បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​វិសាខា ​​​ក្នុង​ការ​ដោះដូរ​កីឡាករ​ជុំ​ទី២ ក្រោយ​ចាកចេញ​ពី​ក្រុម​ខេត្ត​ព្រៃវែង ហើយ​​រូប​គេ​ឈ្នះ MOTM នៅ​ក្នុង​ប្រកួត​សប្ដាហ៍​ទី១៧ ទល់​ក្រុម​​គីរីវង់សុខសែនជ័យ។ រូប​គេ​ជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ MOTM ទាំង​ក្នុង​ពានរង្វាន់​​លីគ​កំពូល​កម្ពុជា និង​ពានរង្វាន់​លីគ​ទី២ ក្នុង​រដូវកាល​តែ​១​ផង​ដែរ។

ចំណែក​កីឡាករ Marcus Haber វិញ​ជា​​អ្នក​ឈ្នះ MOTM ​ច្រើន​ជាង​គេ ដោយ​ក្នុង​នោះ​ឈ្នះ​នៅ​សប្ដាហ៍​ទី​៤, ទី​៦, ទី​១០, ទី១២, ទី១៣ និង​ទី១៧។ ចំពោះ​អ្នក​ឈ្នះ​ច្រើន​ផ្សេង​​ទៀត តាម​ពី​ក្រោយ​មាន​ សុះ ស៊ូហាណា (ណាហ្គាវើល), Lee Jae Gun (វិសាខា), Gabriel Silva (អង្គរថាយហ្គឺរ), Takumu Nishihara (Tiffy Army FC) ម៉ាត់ ណូរ៉ុន (បឹងកេត) ឈ្នះ បាន​ម្នាក់​៤លើក។

Share.