រាជរដ្ឋាភិបាល កំពុងសិក្សានៅតំបន់ល្វាឯម នៃស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីបង្កើតជាក្រុងថ្មីមួយ តែចំណុះឲ្យខេត្តកណ្ដាលដដែល។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅ សម្ដេចបានណែនាំឲ្យមន្ត្រីជំនាញសិក្សានៅតំបន់ល្វាឯម ដើម្បីបង្កើតឲ្យទៅជាក្រុងថ្មីមួយ ហើយចំណុះឲ្យខេត្តកណ្ដាលដដែល មិនមែនបញ្ចូលមករាជធានីភ្នំពេញ ទៀតនោះទេ។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន បានព្រមានចំពោះបុគ្គលខ្លះដែលបានលើកសំណូមពរថា នៅពេលបង្កើ​តទីក្រុងថ្មីនៅល្វាឯម បុគ្គលនោះស្នើសុំធ្វើជាអភិបាលក្រុងនៅទីនោះ តែសម្ដេចថា មិនធ្វើដូច្នេះទេ។ សម្ដេចតេជោ ហ៊ុន សែន បានចង្អុរទិសច្បាស់ថា ប្រសិនបើ​បង្កើតក្រុងថ្មី​នៅ​ល្វាឯម គឺចៅហ្វាយស្រុកល្វាឯម​រាល់ថ្ងៃ នឹងក្លាយទៅជាចៅហ្វាយក្រុងតែម្ដង៕

Share.