មេរោគថ្មីមួយទៀតត្រូវបានគេរកឃើញនៅមន្ទីរពិសោធន៍ក្នុងទីក្រុង វូហាន ប្រទេសចិន ដែលគេសង្ស័យថា មានដើមកំណើតបំប្លែងពីមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នាថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ កញ្ញា ឆ្នាំ ២០២២។

អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Wuhan Institute of Virology បានរកឃើញមេរោគដែលមានឈ្មោះកូដ LsPyV KY187 នៅក្នុងសត្វកណ្ដុរ។

អ្នកវិទ្យាសាស្រ្តនៅមន្ទីរពិសោធន៍ បានរកឃើញមេរោគ Polyomavirus បន្ទាប់ពីធ្វើតេស្ដលើសត្វកណ្ដុររាប់រយក្បាល នៅក្នុងប្រទេសកេនយ៉ាក្នុងឆ្នាំ ២០១៦ និង ២០១៩ និង បានយកសំណាកបញ្ជូនទៅវិភាគ នៅកន្លែងស្រាវជ្រាវជីវគីមីក្នុងទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺរាតត្បាត កូវីដ១៩។

ពពួកមេរោគ Polyomavirus ថ្មីនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនសត្វកណ្ដុរស្មៅឆ្នូត ដែលជួនកាលត្រូវបានគេហៅថា កណ្ដុរសេះបង្កង់។ ការរកឃើញនេះ ត្រូវបានបង្ហាញក្នុងការសិក្សាមួយ ដែលចុះផ្សាយក្នុងទស្សនាវដ្ដីចិន Virologica Sinica ក្នុងខែនេះ។

អ្នកស្រាវជ្រាវបាននិយាយថា ដោយសារតែមេរោគថ្មីនេះ មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយភ្នាក់ងារបង្ករោគណាមួយនោះ ឥទ្ធិពលរបស់វាទៅលើមនុស្សគឺនៅមិនទាន់ដឹងច្បាស់។

សូមជម្រាបថា មេរោគនេះស្ថិតនៅក្នុងពូជអម្បូរនៃពពួកមេរោគ Polyomaviruses ដែលឆ្លងដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែមានកម្រិតស្រាលជាទីបំផុត ខណៈអ្នកស្រាវជ្រាវកំពុងតាមដាន និង ត្រូវការ ការវាយតម្លៃបន្ថែមទៀត៕

ប្រភព៖ Dailymail

Share.