ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿង វែងលយហួសហេតុពេកក្រៃ បត់ឆ្លងផ្លូវមិនផុតជ្រុលកៀររថយន្តរីវ៉ូ នៅពីក្រោយ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង ពលរដ្ឋ អ្នកដំណើរលាន់មាត់គ្រប់គ្នា ដឹកអ៊ីចឹងបានទៀត មិនចាញ់ប៉ារ៉ុងរថភ្លើង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបផ្លូវចោមចៅ កែងនឹងផ្លូវទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2395 ដឹកដែកវែង លយ ហួសហេតុពេក វែងលើសមិនចាញ់ប៉ារ៉ុងរថភ្លើង បើកពីកើតទៅលិច ដល់ចំណុចកើតហេតុបត់ឆ្វេងចូលផ្លូវទួលពង្រ តែកន្ទុយដែលកុំថាឡើងហួសទ្រុង ហួសវែងទាំងទទឹងផ្លូវចោមចៅទៀត ជ្រុលកៀររថយន្តម៉ាករីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BP-6644 បើកស្របទិសនៅពីក្រោយ បណ្តាលឲ្យខូចខាតខ្ទេចមួយចំហៀងខាងឆ្វេង ជាប់គាំងកាត់ទទឹងផ្លូវ ពលរដ្ឋ អ្នកដំណើរលាន់មាត់គ្រប់គ្នា ដឹកជញ្ជូនបែបហ្នឹងបានទៀត ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ យករថយន្តទាំង២គ្រឿងដាក់អែបកៀនខាងដើម្បីបន្ធូរការកកស្ទះចរាចរ រួចប្រគល់ឲ្យសមត្ថកិច្ចជំនាញ រង់ចាំតំណាងខាងរថយន្តដឹកដែកទៅដោះស្រាយគ្នា ៕

អត្ថបទ៖តាតុង សែនជ័យ

Share.