«រូបនេះគឺពូ ជាស្តេចចក្រមកសង្គ្រោះកូនខ្មែរពេលមានអាសន្នទឹកលិចលោកនេះ» រូប និងសំណេរលោក ខឹម វាសនា បង្ហោះលើហ្វេសប៊ុក

ល្បែងអបិយជំនឿបូកនយោបាយនៅភ្នំគូលេន ធ្វើឱ្យលោក ខឹម វាសនា ចាញ់ខ្លួនឯងយ៉ាងអាម៉ាស់។ អ្នកនយោបាយមាត់ដាចរូបនេះបានជ្រុលខ្លួនក្បត់ឧត្តមគតិ បំផ្លាញបក្សLDP និងថែមទាំងបន្សល់ទុកនូវក្ដីអាម៉ាស់ និងការឈឺចាប់ឱ្យអ្នកគាំទ្រ បន្ទាប់ពីបានប្រកាសតាំងខ្លួនជាព្រហ្មសង្គ្រោះសត្វលោក ហើយប្រកាសឱ្យអ្នកគាំទ្រប្រញាប់មករកលោកនៅដីចម្ការភ្នំគូលេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចផុតពីសេចក្ដីស្លាប់។

ជ្រុលខ្លួនក្បត់ឧត្តមគតិ៖​ លោក ខឹម វាសនា ជាមនុស្សមានបុព្វហេតុមួយច្បាស់លាស់ដែរ។ «ជោគជ័យដំបូងរបស់ជីវិត គឺយើងដឹងថាជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី» នេះជាសម្រង់សម្ដីមួយឃ្លារបស់លោក ខឹម វាសនា។ លោកប្រាថ្នាកែសង្គមកម្ពុជាឱ្យមានភាពស្អាតស្អំ ហើយពលរដ្ឋជាម្ចាស់នៃអំណាច។ លោកតែងច្រានចោលនូវជំនឿទាំងឡាយដែលមានអត្ថន័យធ្វើឱ្យសង្គមខ្មែរក្រិនគំនិតនិងបាក់ស្បាត។ ព្រោះតែបុព្វហេតុដើមច្បាស់លាស់ និងបូកផ្សុំទាំងការយល់ដឹងផ្នែកព្រះធម៌និងវោហារសព្ទអត្ថាធិប្បាយពន្យល់ទៅកាន់មហាជនផងនោះ លោក ខឹម វាសានា បានទាក់ចិត្តអ្នកគាំទ្រឱ្យស្រលាញ់លោកងប់ ហើយស្ម័គ្រស្មោះនឹងលោកដោយឥតងាករេ រហូតខ្លះស្រលាញ់លោកជាងម្ដាយឪពុកបង្កើតទៅទៀត។

ប៉ុន្តែព្រឹត្តិការណ៍ ព្រហ្មភ្នំគូលេន បានបង្ហាញច្បាស់ថាអ្នកនយោបាយរូបនេះ បានប្រែធាតុគួរឱ្យចម្លែក ពោលគឺខុសប្លែកខ្លាំងនិងឆ្ងាយណាស់ពីឧត្តមគតិដើមរបស់ខ្លួន។ ព្រោះតែហេតុដូច្នេះហើយបានជាសូម្បីតែអ្នកគាំទ្រលោកយ៉ាងងប់ងល់ជាច្រើនឆ្នាំមកហើយនោះ ក៏ហាក់ចម្លែក្នុងចិត្តដែរ ដោយគ្រាន់តែខ្លះមិនហ៊ាននិយាយជាសាធារណៈ បន្ទាប់ពីលោកស្រាប់តែបានប្រកាសតាំងខ្លួនជាព្រះព្រហ្ម ប្រកាសដំណឹងអភូទហេតុថានឹងមានការលិចផែនដី ហើយប្រាប់អ្នកគាំទ្រប្រញាប់មកជួបខ្លួន។ នេះសុទ្ធតែជារឿងប្រែធាតុ៣៦០ដឺក្រេរបស់លោក ខឹម វាសនា ទាំងដែលលោកធ្លាប់និយាយថា «បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ គឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ»។

បំផ្លាញLDP៖ ចាប់បដិសន្ធិតឡើងនៅឆ្នាំ២០០៦ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចម្រើនវ័យបាន១៦ឆ្នាំ និងក៏អាចចាត់ទុកជាបក្សចាស់វស្សាមួយ និងមានសក្ដានុពលផងដែរ ពិសេសការតស៊ូមតិជាទម្រង់បែប ខឹម វាសនា និយម។ ប៉ុន្តែសមិទ្ធិផល១៦ឆ្នាំដែលភាគច្រើនជាសមិទ្ធផលបណ្ដុះផ្នត់គំនិត ដោយមានបុព្វហេតុនិងឧត្តមគតិរបស់លោក ខឹម វាសនា ជាបន្ទាត់នោះ ហាក់បានសាបរលាបដូចអំបិលត្រូវទឹក ក៏ដោយសារតែព្រឹត្តិការណ៍ព្រហ្មភ្នំគូលេននោះឯង។

លោកធ្លាប់និយាយថា «វិប្បដិសារីគឺជាទណ្ឌកម្មធំបំផុតរបស់មនុស្សដែលមានឧត្តមគតិ»។ តើព្រឹត្តិការណ៍ភ្នំគូលេន ធ្វើឱ្យលោក ខឹម វាសនា មានវិប្បដិសារីដែរទេ? តើលោក ខឹម វាសនា ពិតជានៅមានឥទ្ធិពលទប់លំនឹងបក្សសម្ព័ន្ធនេះបានទៀតឬយ៉ាងណា? មានតែអ្នកគាំទ្រលោកទេ ដែលមានចម្លើយច្បាស់ជាងគេ។

បន្សល់ក្ដីអាមាស់និងឈឺចាប់ឱ្យអ្នកគាំទ្រ៖ «ខ្ញុំពិតជាឈឺចាប់ណាស់ នៅពេលដែលខ្ញុំស្មោះត្រង់ចំពោះអ្នក ប៉ុន្តែអ្នកបែរជាក្បត់ខ្ញុំ តែការឈឺចាប់នេះ នៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នកនៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ»។ ប្រយោគលោក ខឹម វាសនា មួយឃ្លានេះ ពិតជាមានអត្ថន័យបញ្ច្រាស់គ្នាខ្លាំងណាស់ បើធៀបទៅនឹងព្រឹត្តិការណ៍ព្រហ្មភ្នំគូលេនដែលលោកបានបង្កើតឡើង។

«ខ្ញុំក្បត់អ្នកនៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ» តើលោក ខឹម វាសនា បានក្បត់អ្នកគាំទ្ររបស់ខ្លួនដែរឬទេ នៅពេលគាត់ប្រកាសតាំងខ្លួនជាព្រហ្មសង្គ្រោះអ្នកគាំទ្រពីគ្រោះទឹកជំនន់លិចផែនដី ទាំងដែលធាតុពិតគ្មានអ្វីកើតឡើងសោះ? តើលោក ខឹម វាសនា ចាត់ទុកអ្នកគាំទ្រទាំងចាស់ ទាំងក្មេង ទាំងយុវជន ដែលចាកចោលផ្ទះសម្បែង គ្រួសារ ការងារក្នុងនិងក្រោប្រទេស មកសុំលោកជ្រកកោនសង្គ្រោះជីវិតនៅដីចំការតាមការអូសទាញរបស់លោកនោះជាអ្នកស្មោះត្រង់នឹងលោកដែរទេ? តើព្រោះតែពួកគេជាមនុស្សល្ងង់ ឬដោយសារភាពប៉ិនប្រសព្វនៃការនិយាយពង្វក់ស្មារតីរបស់លោក?

មិនអាចប្រកែកបានឡើយ ក្រុមអ្នកគាំទ្រកលោក ខឹម វាសនា ភាគច្រើនបំផុតប្រាកដជាកំពុងតែស្ថិតក្នុងស្ថានភាពមួយដ៏ហួសចិត្តនឹងលោក ខឹម វាសនា។​ ខ្មាស់អស់ញាតិទាំងពួងដែលតែងតែនិយាយដាស់តឿនកុំឱ្យជឿលោក ខឹម វាសនា ជាច្រើនឆ្នាំមកហើយ។ ឈឺចាប់នឹងអ្វីដែលខំវិនិយោគដើម្បីគាំទ្រលោក ខឹម វាសនា​ និងគោលនយោបាយរបស់លោក ដើម្បីសម្រេចក្ដីសុបិនរួមមួយ។

ម្នាក់ៗដែលធ្លាប់និយាយមាត់ធំ មាត់តូច ដាក់គេឯង ដើម្បីសម្ញែងភាពជាអ្នកយល់ដឹងអំពីសម្ព័ន្ធ និងតែងតែចាត់ទុកអ្នកផ្សេងថាក្រុមអវិជ្ជានោះ តើពួកគេនឹងប្រឈមមុខសម្ពាធផ្លូវ​ចិត្តបែបណា នៅពេលដែលលោក ខឹម វាសនា ស្រាប់តែបង្កើតព្រឹត្តិការណ៍ភ្នំគូលេនយ៉ាងអាម៉ាស់នេះឡើង។

តើក្រុមពលករ និងសិស្សិតជាង៥០០នាក់ដែលប្រញេបប្រញាប់ចាក់ចេញពីប្រទេសកូរ៉េ ជប៉ុន និងថៃ ដើម្បីមកសុំលោក ខឹម វាសនា ស្នាក់នៅក្នុងដីចម្កាតាមការអូសទាញរបស់លោកនោះ ពួកគេនឹងទទួលរងក្ដីអាម៉ាស់បែបណាទៅ? នេះដោយមិនរាប់ពីការឈឺចាប់ព្រោះបាត់បង់ការងារធ្វើ បាត់បង់ឱកាសសិក្សារៀនសូត្រផង។

និយាយដល់ចំណុចនេះ ធ្វើឱ្យនឹងកឃើញដល់ពាក្យលោក ខឹម វាសនា ដែលធ្លាប់បាននិយាយថា «ខឹងគេបោកយើង រឿងដែលត្រឹមត្រូវ គឺបង្កើនចំណេះដឹងខ្លួនឯង»។ នឹកដល់ពាក្យនេះ ហើយក៏តាំងជាសំណួរថា តើក្រុមអ្នកគាំទ្រលោក ខឹម វាសនា ឈឺចាប់ខ្លោចផ្សារទេ ឬអាចបង្កើនចំណេះដឹងក្រោយពីលោក ខឹម វាសនា បោកមួយឈុតនេះ។

ជាកាតកត់សម្គាល់ កាន់តែធ្វើឱ្យគ្រប់គ្នា ពិសេសអ្នកគាំទ្រលោក ខឹម វាសនា ភ្ញាក់ខ្លួនទៀតនោះ គឺការចេញមកអត្ថាធិប្បាយអំពីចេតនាពិតរបស់លោក ខឹម វាសនា​ ពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចបានថ្លែងថាលោក ខឹម វាសនា​ ដែលទាល់ច្រកដ្បិតថានឹងគ្មានរឿងអ្វីកើតឡើងដូចលោកតាំងខ្លួនជាព្រហ្មបាននិយាយនោះ នៅពេលដែលឱសានវាទរដ្ឋបាលខេត្តសៀមរាបជិតមកដល់ លោកបានប្រើល្បិចបង្វែររឿងអបិយជំនឿទៅជារឿងនយោបាយ។

«ប៉ុន្តែហេតុអ្វីបានជាម្សិលមិញគាត់[ខឹម វាសនា]ជេរ?» នេះជាប្រយោគសំណួរបំផុសមួយដែលសម្ដេចតេជោ ហ៊ុន សែន ជោ បំផុសឡើងដើម្បីឱ្យសាធារណៈជនទាំងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ និងមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍ចំពោះករណីលោក ខឹម វាសនា។

លោក ខឹម វាសនា ដែលសម្ដេចតេជោ ហាក់ដឹងជាមុនទៅហើយនូវផែនការចុងក្រោយមួយ។ សម្ដេចតេជោបានបន្តថា«គាត់ជេរដោយសារឱសានវាទៅដល់ម៉ោង១២យប់។ អ៊ីចឹងគាត់ជេរប៉ុន្មានម៉ោងមុន ដើម្បីចាប់បង្ខំឱ្យយើងប្រតិកម្មជាកម្លាំងទៅបំបែក។ នេះជាការចូលអន្ទាកមួយដ៏គ្រោះថ្នាក់។ សូមវិភាគលើរឿងនេះ»។

តាមការសង្កេតលើការផុសជេរសម្ដេចក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ខឹម វាសនា នាយប់មិញ(ថ្ងៃទី២០សីហា)នោះ សម្ដេចតេជោ បានចាត់ទុកថានេះជាចេតនាបង្វែពីរឿងអបិយជំនឿទៅជារឿងនយោបាយ ដោយសម្ដេចសង្កត់ធ្ងន់ថា«ផ្ទេរពីអបិយជំនឿ ទៅនយោបាយតែម្ដង»។ បើតាមសម្ដេច លោក ខឹម វាសនា ចង់សមត្ថកិច្ចបំបែកការជួបជុំ ហើយចាប់ខ្លួនលោក ដើម្បីបន្សាបរឿងអាម៉ាស់ដែលគ្មានគ្រោះទឹកជំនន់ដូចលោកនិយាយក្នុងឋានៈជាព្រហ្មភ្នំគូលេន។

ខ្ញុំសូមអភ័យទោស បើអត្ថបទនេះធ្វើឱ្យប៉ះពាល់ដល់អ្នកគាំទ្រលោក ខឹម វាសនា រួមទាំងលោកផ្ទាល់ផង។ ខ្ញុំគ្រាន់តែចូលរួមបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដើម្បីចែករំលែកមិត្តអ្នកអានស្វែងយល់តែប៉ុណ្ណោះ។

ដោយ វីរៈសត្យា និស្សិតសិក្សានៅរាជធានីភ្នំពេញ

សម្រួលដោយត្រយង

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០

Share.