ភ្នំពេញ៖បើប្រភពពីម្ចាស់ម៉ូតូបានឲ្យដឹងថា ដំបូងឡើយខ្លួនបានទុកម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JL7875 នៅខាងមុខផ្ទះ។ពេលនោះក៏មានជនសង្ស័យមួយក្រុមមានគ្នាបួននាក់ ដើរមកអង្គុយលើម៉ូតូបម្រុងកាច់កយកទៅ តែខ្លួនឃើញទាន់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល។ភ្លាមៗនេះក្រុមជនសង្ស័យប្រើប្រាស់ដំបងនិងដុំថ្មគប់មកលើខ្លួន និងប្រជាពលរដ្ឋនៅក្បែរខាង។

ក្រោយធ្វើសកម្មភាព រួច ក្រុមជនសង្ស័យបានគេចខ្លួនចូលក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាត់ស្រមោល។ ពេលនោះម្ចាស់ម៉ូតូបានជិះម៉ូតូតាមរកស្រាប់តែឃើញជនសង្ស័យផ្លោះរបងចេញពីសាកលវិទ្យាល័យភូមិន្ទបម្រុងឡើងជិះកង់បីនៅខាងមុខសាលា ទើបឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចបានចំនួនពីរនាក់។ ឯពីរនាក់រត់គេចខ្លួនបាត់ស្រមោល។

ករណីនេះកើតឡើងកាលពី 2:20 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 1ខែកញ្ញា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកល្អក់ទីមួយ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំជនសង្ស័យយកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖លី សុភ័ស្ត

Share.