ប៉ូលិសឋានន្តរស័ក អនុសេនីយ៏ទោបំពេញការងារនៅក្នុងខេត្តកោះកុងម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នាំខ្លួនមកកាន់អធិការដ្ឋានភ្លាមៗ បន្ទាប់ពីមន្ត្រីប៉ូលិសរូបនេះ បានដកកាំភ្លើងខ្លីបាញ់ចំនួន០៣គ្រាប់ ដើម្បីបញ្ចេញកំហឹង ក្រោយពីប្រពន្ឋបានមកដណ្តើមកូនប្រុសតូច យកទៅវិញ។

ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី៣មិថុនាឆ្នាំ២០២១នៅចំនុច ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក វរៈសេនីយ៏ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ ឌួង សាងគង ភេទប្រុស  មានតួនាទីជាប៉ូលិសឋានន្តរស័ក អនុសេនីយ៏ទោ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកបន្តថា សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងធ្វើរបាយការណ៍ទៅកាន់ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនិតិវិធីទៅតាមផ្លូវច្បាប់បន្ត។

ឪពុករបស់យុវជនបង្ក បានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំអោយកូនរបស់គាត់ បាញ់កាំភ្លើងនេះ ដោយសារខឹងប្រពន្ឋ មកដណ្តើមកូនតូច ដែលកន្លងមកទុកអោយគាត់ចឹញ្ចឹម ព្រោះពួកគេ(កូនប្រុសរបស់គាត់ និង កូនប្រសារស្រី) បានចែកផ្លូវគ្នា។ កូនប្រុសរបស់គាត់បានទៅធ្វើការនៅខេត្តកោះកុង ឯ កូនប្រសារស្រី បានទៅនៅផ្ទះខាងម្តាយរបស់នាង។

រហូតថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ពួកគេបានមកជួបគ្នានៅផ្ទះរបស់គាត់ ហើយជជែកគ្នា ក្រោយមកខាងកូនប្រសាស្រី បានយកកូនចេញពីផ្ទះបាត់ ទើបធ្វើអោយកូនប្រុសគាត់ខឹងយ៉ាងខ្លាំង ក៏បានទាញកាំភ្លើងមកបាញ់ឡើងលើចំនួន០៣គ្រាប់ បន្ទាប់មកក៏ត្រូវបានកំលាំងសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុតែម្តង៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.