បន្ទាយមានជ័យ៖ រវល់តែលេងទឹកសប្បាយទុកឲ្យប្អូនអាយុ៤ឆ្នាំនៅមាត់ច្រាំង រអិលធ្លាក់អូរលង់ស្លាប់នៅព្រំដែនកម្ពុជា.ថៃ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១.៤០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រោយផ្សារមង្គលប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ ៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ សមត្ថកិច្ចដដែលបានឲ្យដឹងថា ពេលកើតហេតុ កុមារារងគ្រោះ រួមជាមួយបងប្រុសអាយុប្រហែល៩ឆ្នាំ និងក្មេងៗដទៃទៀតប្រហែល៦ទៅ៧នាក់ បានចុះលេងនៅក្នុងអូរព្រំដែន បន្ទាប់មកទៀតបានដឹកដៃប្អូន(ជនរងគ្រោះ)ដើរលេងទឹករាក់ៗតាមមាត់ច្រាំងបានមួយសន្ទុះ រួចបានឲ្យប្អូនអង្គុយនៅមាត់ច្រាំង ខ្លួននិងបក្ខពួកក៏ប្រលែងគ្នាលេងភ្លេចមើល ជនរងគ្រោះក៏រអិលធ្លាក់ចូលទឹកអូរ ឃើញប្អូនធ្លាក់ទឹកក៏រត់ទៅស្រែកឆឡោហៅមនុស្សចាស់មកជួយបង្កការភ្ញាក់ផ្ញើលតែម្តង។


បន្ទាប់ពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅការពារព្រំដែនគោកនៃវរសេនាតូចលេខ៨៩១សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ កម្លាំងកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរសង្កាត់អូរជ្រៅ រួមទាំងប្រជាពលរដ្ឋនាំគ្នាមុជរកអស់ជាច្រើនម៉ោងតែរងមិនឃើញ។ ដោយមានការស្នើសុំពីភាគីកម្ពុជាលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រុមសង្គ្រោះមុជទឹកថៃប្រចាំស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ បាននាំគ្នា១៧នាក់ស្រី៤នាក់ មកជួយមុជរកតែរហូតដល់ម៉ោង៩.០០យប់រកមិនទាន់ឃើញនៅឡើយ។


ក្រុមសង្គ្រោះមុជទឹកប្រចាំស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃបានបញ្ជាក់ថា ស្អែកនេះក្រុមរបស់ខ្លួននិងមកជួយមុជរាវរកសាជាថ្មីទៀត ដោយនាំកម្លាំងជំនាញប្រមាណ៣០នាក់បន្ថែមទៀត ដើម្បីឲ្យការរុករកនេះឆាប់រកឃើញសពជូនសាច់ញាតិជនរងគ្រោះផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.