បន្ទាយមានជ័យ៖ សពក្មេងប្រុសអាយុ៤ឆ្នាំលង់ទឹកអូរព្រំដែនកម្ពុជា.ថៃ បាត់ជាង២ថ្ងៃរកមិនទាន់ឃើញនៅឡើយតាំងពីរសៀលថ្ងៃទី០៤ ដល់រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា និងក្រុមអ្នកមុជទឹកជំនាញប្រចាំស្រុកអារញ្ញប្រាថេត ខេត្តស្រះ កែវប្រទេសថៃ ជួយរុករកចំនួនពីលើក អស់លទ្ធភាពបានត្រលប់ទៅប្រទេសខ្លួនវិញ។


លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានប្រាប់ថា៖កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចអូរព្រំដែនកម្ពុជា.ថៃ នៅក្រោយចំណុចផ្សារមង្គល ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ឈ្មោះ ឡៃ ម៉េងស៊ី រស់នៅភូមិកើតហេតុខាងលើបានលង់ទឹកបាត់ខ្លួនអូរព្រំដែនកម្ពុជា.ថៃ នៅពេលក្មេងប្រុសរងគ្រោះទៅជាមួយបងប្រុសអាយុប្រមាណ៩ឆ្នាំដែលទៅជាមួយមិត្តភក្តិប្រមាណជា៥ទៅ៦នាក់នៅអូរព្រំដែនដែលក្មេងប្រុសរងគ្រោះរអិលជើងធ្លាក់អូរបាត់។


លោកបានបញ្ជាក់ថា៖ ក្រោយក្មេងរងគ្រោះធ្លាក់ទឹកអូរបាត់ កម្លាំងសមត្តកិច្ចចម្រុះប្រមាណជិត៥០នាក់បានរុករកមិនឃើញ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានទំនាក់ទំនងទៅអាជ្ញាធរថៃជាប់ជាយដែនបានបញ្ជូនក្រុមមុជទឹកថៃ១៧នាក់ ដែលមានឧបករណ៍បានជួយរុករកក្មេងរងគ្រោះដែលបានធ្លាក់ទឹកបាត់ក្នុងអូរព្រំដែន នៅម៉ោង៨យប់ដល់៩យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ដោយរកមិនឃើញបានត្រឡប់ទៅប្រទេសថៃវិញ។


លោកវរសេនីយ៍ឯក ហាំ វណ្ណៈ បានបញ្ជាក់ថា លុះដល់ម៉ោង៧ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ក្រុមមុជទឹកថៃដែលរុករងអ្នកលង់ទឹកបានបន្តមករុករកម្តងទៀតរហូតដល់ម៉ោង៣រសៀលថ្ងៃដដែលបានរុករកអស់ពីលទ្ធភាពត្រូវបញ្ឈប់ការរុករកហើយត្រឡប់ទៅប្រទេសថៃវិញនេះជាសហប្រតិបត្តិការល្អរវាងកម្ពុជា.ថៃ ដែលក្រុមមុជទឹកថៃ១ក្រុមនេះធ្លាប់បានរុករកជនរងគ្រោះខាងកម្ពុជា ជាច្រើនដងផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.