ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និងសំណង់​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​​អង្គារ ទី​០៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ កីឡដ្ឋាន​នេះ​សាងសង់​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៣,៥លាន​ដុល្លារ​អាមេរិក។

បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ថា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក៏​មាន​ការ​ចូលរួម​ពី​ឯកឧត្តម ហ៊ុន ម៉ានី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល​ ​នៃ​គណៈអភិបាល​ខេត្ត​ និង​ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន សមាជិក សមាជិកា ជា​ច្រើន​រូប​ទៀត​ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ។

កីឡដ្ឋាន​បាល់ទាត់​លក្ខណៈ​ស្តង់ដារ​នេះ​​មាន​ទំហំ ​៤៣.៤០២ ម៉ែត្រក្រឡា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៤ ចម្ងាយ​ប្រមាណ៤​គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅ​ភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។

«នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ ឯកឧត្តម ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ស្មារតី​រួមគ្នា​ដើម្បី​លើក​មុខមាត់ និងគិត្យានុភាពរបស់ខេត្តផង និង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា ឱ្យ​កាន់​តែ​រីកចម្រើន​ឆ្ពោះ​ទៅ​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ជាមួយ​ការ​ប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម​ ហ៊ុន ម៉ានី និង​បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ក្នុង​ការ​ផ្ដល់​ជម្រើស​ទីតាំង​ដី​មួយ​ចំនួន​សម្រាប់​ការ​សាងសង់នៅឆ្នាំ ២០១៨»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត។

សូម​បញ្ជាក់​ថា​កីឡដា្ឋន​នេះ​បាន​បើក​ការដ្ឋាន​សាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១​ ហើយ​បញ្ចប់​ការដ្ឋាន​សាងសង់​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ។ គម្រោង​សាងសង់​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​សាងសង់​ជា​២​ដំណាក់​កាល គឺ​ដំណាក់កាល​រៀបចំ​សាងសង់​របង​ និង​ក្លោងទ្វារ​ធំ​ទាំង​ពីរ​នៃ​កីឡាដ្ឋាន និង​បន្ទាប់​ការ​សាងសង់​សំណង់​អគារ ទីលាន​បាល់ទាត់​ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​កីឡដ្ឋាន ព្រម​ទាំង​សាងសង់​សួនកុមារ កន្លែង​ហាត់ប្រាណ​សម្រាប់​សាធារណជន​ និង​ការ​បំពាក់​អំពូលសូឡាក្នុងបរិវេណកីឡាដ្ឋាន។

កិច្ចការ​សាងសង់​ហេដ្ឋារចនា​ក្នុង​កីឡដ្ឋាន​ដែល​សម្រេច​បាន​រួមមាន៖
១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ
២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០ កម្ពស់ ៣ ជាន់ ដែល​ជាន់​ផ្ទាល់​ដី​ចែក​ចេញ​ជា ២៥ ​បន្ទប់ ជាន់ទី១ (ជាន់ VIP) ចែកជា ៨ បន្ទប់ និងជាន់ទី២ ចែកចេញជា ២បន្ទប់ (សម្រាប់​អ្នក​អធិប្បាយ​ការ​ផ្សាយផ្ទាល់ ​និង​បន្ទប់​ការិយាល័យ)។
៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និង​ទទឹង ៧៣ម៉ែត្រ ក្រាល​ស្មៅ​សិប្បនិម្មិត​ និង​មាន​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹកព័ន្ធជុំវិញតារាង។
៤. ទីលាន​រត់ប្រណាំង ​បាន​អ៊ុតកៅស៊ូ​មួយ​ជុំទីលាន​បាល់ទាត់​ ប្រវែង ៤០០ម៉ែត្រ ដែល​មាន​ទទឹង​ ៩,៤៧​ម៉ែត្រ និង​ទទឹង​ពី​ទីលាន​រត់​មក​របង​ប្រវែង ១០ម៉ែត្រ។
៥. ភ្លើង​បំភ្លឺ​ទីលាន​បាល់ទាត់ ចំនួន​៤​ដើម​ ដែល​មាន​កម្ពស់ ​៤០,២០ម៉ែត្រ និង​អំពូល​ភ្លើង​ចំនួន​ ៤២​គ្រាប់ កម្រិត​ពន្លឺ ១.២០០ lumen និង​អំពូល​សឡា​បំភ្លឺ​ជុំវិញ​បរិវេណ​កីឡដ្ឋាន​ ចំនួន ២០០ដើម។
៦. សួនកុមារ​ និង​កន្លែង​ហាត់ប្រាណ​សម្រាប់​សាធារណជន​ ដែល​មាន​ទំហំ ២.០០០​ម៉ែត្រការ៉េ​ បំពាក់​ឧបករណ៍​ក្មេង​លេង និង​ឧបករណ៍​ហាត់ប្រាណ​ ១០គ្រឿង។
៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និង​រូប​សំណាក​សម្ដេច​សង្ឃរាជ ជួន ណាត
៨. ហេដ្ឋារចនាសម័ន្ធក្រៅរបងកីឡដ្ឋាន រួមមានការរៀបចំតទឹក ភ្លើង និង​រៀបចំ​ប្រព័ន្ធ​លូរំដោះ​ទឹក​ពី​ក្នុង​កីឡដ្ឋាន ព្រមទាំងចាក់ផ្លូវបេតុង និងដាំដើមឈើលម្អ ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន​ ត្រូវ​បាន ​ជួយ​សម្របសម្រួលដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។

ប្រភព​បន្ថែម​ថា​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ នេះ​នឹង​ក្លាយ​ជា​ទីលាន​គោល​សម្រាប់​ក្រុម​បាល់ទាត់​ណាហ្គាវើលដ៏អ្វេសស៊ី​ ដោយ​ក្រុម​បាល់ទាត់​អាជីព​នេះ​ នឹង​យក​ទីលាន​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ សម្រាប់​ការ​ហ្វឹកហាត់ និង​ទទួល​ជា​ម្ចាស់​ផ្ទះ​ក្នុង​ជំនួប​ជាមួយ​ក្រុម​បាល់ទាត់​នានា។ លើស​ពី​នេះ​ផង​ដែរ​ក្រុម​បាល់ទាត់​នេះ នឹង​ជួយ​ហ្វឹកហាត់​ដល់​ថ្នាល​កីឡាករ​ កីឡាការីនី​បាល់ទាត់​ខេត្ត​កំពង់ស្ពឺ ដោយ​គ្រូ​បង្វឹក​ជំនាញ នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​កីឡាករ​អាជីព​ផង​ដែរ។​ កីឡដ្ឋាន​នេះ​នឹង​ក្លាយ​ជាទី​តាំង​បណ្ដុះបណ្ដាលថ្នាលកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្ដានុពល​ និង​ដើម្បី​ឱ្យ​ប្អូនៗកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺអាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន៕

Share.