ប្រធាន​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ 2020 Summer Olympicsនៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​លោក​ស្រី Seiko Hashimoto បាន​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​ធំ​ជាង​គេ​លើ​លោក​មួយ​នេះ​នៅ​តែ​បន្ត​ដំណើរ​​តាម​ការ​គ្រោង​ទុក​ប៉ុន្តែ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជា​១ម៉ឺន​នាក់​បាន​លាឈប់ ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩។

ជាង​៤០ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បើ​កីឡា 2020 Summer Olympics នឹង​ចាប់​ដំណើរការ​ហើយ​ ក្នុង​កីឡដ្ឋាន Japan National Stadium ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ឆ្នាំ​២០២១ ខាង​​មុខ។ ប៉ុន្តែ​ទន្ទឹម​​នឹង​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​១ម៉ឺន​នាក់ ក្នុង​ចំណោម​៨ម៉ឺន​នាក់​​បាន​លា​ឈប់។ យ៉ាងណាក្តី​ម្ចាស់​ផ្ទះ​ជប៉ុន នឹង​អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្ដេជ្ញា​ចិត្ត​រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ល្អ អំឡុង​ពេល​ពិភពលោក​ជួប​វិបត្តិ​បែប​នេះ​ក្តី។

អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ី​ហោះ» រៀបចំ​ផែនការ​ឱ្យ​ទាន់​ក្នុង​កីឡាអូឡាំពិក​នៅ​ប៉ារីស​ឆ្នាំ​២០២៤

«ប្រសិន​បើ​កូវីដ-១៩ នៅ​តាម​ប្រទេស​ជុំ​វិញ​ពិភពលោក វាយ​លុក​ខ្លាំង ហើយ​ប្រតិភូ​និង​អត្តពលិក​មិន​អាច​មក​ចូលរួម​បាន​នោះ​យើង​នឹង​មិន​រៀបចំ​វា​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ស្ថានភាព​មិន​កើត​ឡើង​បែប​នេះ​ទេ នោះ​ការ​ប្រកួត​បន្ត​នៅ​ធ្វើ​ដដែល»។ លោក​ស្រី Seiko Hashimoto ប្រាប់​សារព័ត៌មាន Nikkan Sports។

តាម​ពិត​ការ​ប្រកួត​ត្រូវ​ធ្វើ​តាំង​ពី​ឆ្នាំ​២០២០ មក​​ម៉្លេះ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​ឆ្លងរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឱ្យ​មាន​ការ​លើក​មក​រៀបចំ​នៅ​ឆ្នាំ​២០២១ នេះ​វិញ​ម្តង។

តាម​ផែនការ​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូ នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២១ ដោយ​រំពឹង​ថា​នឹង​មាន​ប្រទេស/តំបន់ ចូលរួម​ចំនួន​២០៦ ដែល​មាន​អត្តពលិក​សរុប​ចំនួន ១១,០៩១ នាក់។ ប៉ុន្តែ​ការ​ពី​ប៉ុន្មាន​ខែ​មុន ប្រទេស​កូរ៉េខាងជើង បាន​ប្រកាស​មិន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​នោះ​ទេ ដោយ​សារ​ខ្លាច​មាន​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩៕

អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ទេ

Telegram-Troryorng
Share.