ពានរង្វាន់​បាល់ទាត់​សម្រាប់​ក្លិប​អាជីព​ប្រចាំ​ទ្វីប​អាស៊ី AFC Cup 2022 បាន​រក​ឃើញ​បេក្ខភាព​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ ដោយ​ក្នុង​នោះ​មាន​ក្រុម Kuala Lumpure City ទៅ​ពី​លីគ​កំពូល​ម៉ាឡេស៊ី តំណាង​តំបន់​អាស៊ាន ឈាន​ដល់​វគ្គ​តានតឹង​នេះ។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖
-Sogdiana Jizzakh (អ៊ូបេគីស្ថាន) ១-០ Eastern (ហុងកុង)
-ATK Mohun Bagan (ឥណ្ឌា) ១-៣ Kuala Lumpur City (ម៉ាឡេស៊ី)
-Al-Arabi (គុយវ៉ែត) ១-២ Al-Seeb (អូម៉ង់)
-East Riffa (បារ៉ែន) ១-១ (៤-៥) Al-Riffa (បារ៉ែន)

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFC Cup 2022 គឺ៖
-៤ តុលា ២០២២ Al-Seeb (អូម៉ង់) Vs Al-Riffa (បារ៉ែន)
-៥ តុលា ២០២២ Sogdiana Jizzakh (អ៊ូបេគីស្ថាន) ប៉ះ Kuala Lumpur City (ម៉ាឡេស៊ី)

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទាត់ AFC Cup 2022 ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​​៥​ខែ​មេសា ដល់​២២ ខែ​តុលា ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ចូលរួម​​ពី​៥​តំបន់​ក្នុង​ទ្វីប​រួម​មាន៖
-អាស៊ី​ខាង​លិច៖ ១២​ប្រទេស
-អាស៊ីខាងត្បូង៖ ៧ប្រទេស
-អាស៊ីកណ្ដាល៖៦ប្រទេស
-អាស៊ី​អាគ្នេយ៍ (អាស៊ាន)៖ ១២​ប្រទេស
-អាស៊ី​ខាង​កើត៖ ១០​ប្រទេស

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្កើត​រូបមន្ត​នៃ​ការ​ប្រកួត​មាន​ដូចជា​ វគ្គ​ជម្រុះ Preliminary stage, Play-Off Stage, Group Stage និង​ Knockout Stage។ ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ថវិកា​ចំនួន​១លាន​៥សែន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើង​ឯក​រង​ទទួល​បាន​៧៥​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ជើង​ឯក​តាម​តំបន់ (Zone) នីមួយៗ​ទទួល​បាន​ទឹក​ប្រាក់ ១០ម៉ឺន​ដុល្លារ​អាមេរិក។

រដូវកាល​នេះ​សម្រាប់​កម្ពុជា មាន​ក្រុម​ចំនួន​២​ ចូលរួម​គឺ​វិសាខា ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២១ និង​ក្រុម​ភ្នំពេញក្រោន ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២១។ ក្រុម​ទាំង​២​របស់​កម្ពុជា មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​ចូលរួម​ប្រកួត​ក្នុង​វគ្គ Group Stage តែ​អស់​ឱកាស​ត្រឹម​វគ្គ​នេះ​ដូចគ្នា៕

Share.