ហ្វេន​រឿង​ភាគ​កូរ៉េ​ច្បាស់​ជា​ធ្លាប់​ទស្សនា​សាច់​រឿង​ប្លែក​ៗ​ តែ​ទាក់ទាញ​ចិត្ត​អ្នក​ទស្សនា​បាន​ជា​និច្ច​ ជា​ពិសេស​ភាពយន្ត​បែប​​ផ្អែមល្ហែម​ថែម​ Fantasy ដែល​តួ​ឯក​ប្រុស​​មិនមែន​ តែ​អាច​ជា​បិសាច​ជញ្ជក់ឈាម​ កញ្ជ្រោង​កន្ទុយ​៩ ឬក៏​ជា​ទេព្តា​ដែល​បន្លំ​ខ្លួន​រស់​ក្នុង​ឋាន​មនុស្ស​លោក​។ និយាយ​រៀបរាប់​ច្រើន​គួរ​សម​នៅ​ពេល​ត្រយង​ញូវស៍​សូម​លើក​យក​រឿង​ភាគ​ល្បីៗ​ចំនួន​១០​រឿង​ដែល​តួ​ឯក​ប្រុស​មិន​មែន​ជា​មនុស្ស​ធម្មតា​ដូច​ខាង​ក្រោម​៖

១./ You Who Came From The Stars (២០១៣) – មនុស្ស​ភព​ផ្កាយ​
សម្ដែង​ដោយ​ Kim Soo Hyun និង​ Jun Ji Hyun។ តួឯកប្រុស​ជា​មនុស្ស​ភព​ផ្កាយ​ដែល​ជាប់​នៅ​ក្នុង​ឋាន​មនុស្ស​លោក​ចំនួន​២០០​ឆ្នាំ​ ហើយ​រង់ចាំ​ពេល​វេលា​ត្រលប់​ទៅ​កាន់​ពិភព​របស់​ខ្លួន​វិញ​។ ក្នុង​ខណៈ​ពេល​រង់ចាំ​នោះ​គេ​បាន​ជួប​ជាមួយ​នឹង​កំពូល​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ហើយ​បាន​ជួប​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ឃាតកម្ម​។

២./ W- Two Worlds (២០១៦) – តុក្កតា​
សម្ដែង​ដោយ​ Lee Jong Suk និង​ Han Hyo Joo។ តួ​ឯក​ប្រុស​ជា​អតីត​កីឡករ​បាញ់​កាំភ្លើង​ដែល​មាន​រឿង​បង្កប់​ក្នុង​ចិត្ត​ ហើយ​បាន​ប្រែ​ក្លាយ​ខ្លួន​មក​ជា​អ្នក​ជំនួញ​ នៅ​ពេល​បាន​ជួប​ជាមួយ​តួឯក​ស្រី​ដែល​ជា​ពេទ្យ​ស្ដារ​ ក៏​កើត​មាន​ហេតុការណ៍​ប្លែកៗ​ជុំវិញ​ខ្លួន​របស់​គេ​ រហូត​ធ្វើ​ឱ្យ​គេ​ដឹង​ថា​តួ​ស្រី​មក​ពិភព​មួយ​ផ្សេង​ ចំណែក​ខ្លួន​គេ​គឺ​ជា​តួឯក​នៅ​ក្នុង​ Webtoon រឿង​ល្បី​មួយ​ដែល​ត្រូវ​មាន​ជីវិត​ទៅ​តាម​ការ​សរសេរ​របស់​អ្នក​និពន្ធ​ ដូច្នេះ​គេ​ចាប់​ផ្ដើម​ព្យាយាម​ប្រើ​ជីវិត​ឯករាជ្យ​មិន​ទៅ​តាម​ការ​បញ្ជា​របស់​អ្នក​ណា​។

៣./ A Korean Odyssey (២០១៧)
សម្ដែង​ដោយ​ Lee Seung Gi ,Cha Seung Woon​ និង Oh Yeon Seo។ រឿង​និទាន​​ទៅ​ចម្លង​ធម៌​នៅ​ទិស​ខាង​លិច​តាម​បែប​កូរ៉េ​។ ស៊ុន​ អ៊ូខុង​ត្រូវ​និរទេស​ឱ្យ​ចុះ​ពី​ឋាន​សួគ៌​មក​នៅ​ពិភព​មនុស្ស​ បាន​ជួប​ជាមួយ​នឹង​តួ​ឯក​ស្រី​ដែល​មាន​សមត្ថភាព​អាច​មើល​ឃើញ​បិសាច​។

៤./ Guardian: The Lonely And Great God (២០១៧) – យមទូត​
សម្ដែង​ដោយ​ Gong Yoo, Kim Go Eun, និង Lee Dong Wook។ Goblin ជា​យម​ទូតជា​អ្នក​ចាប់​ដួង​វិញ្ញាណ​ ជា​មនុស្ស​ដែល​មិន​មាន​ថ្ងៃ​ស្លាប់។ គេ​បាន​ព្យាយាម​ស្វែង​រក​កូន​ក្រមុំ​របស់​គេ​មនុស្ស​ស្រី​ម្នាក់​នោះ​អាច​មើល​ឃើញ​ដាវ​នៅ​ជាប់​នៅ​កណ្ដាល​ខ្លួន​របស់​គេ​ ហើយ​ឱ្យ​នាង​ជួយ​ដក​ដាវ​នោះ​ចេញ​ពី​ខ្លួន​របស់​គេ​ដើម្បី​គេ​អាច​​រួច​ផុត​ពី​បណ្ដាសារ​ជា​មនុស្ស​អមតៈ​គ្មាន​ថ្ងៃ​ស្លាប់​បាន​។

៥./ Are You A Human ? (២០១៨) – មនុស្ស​យន្ត​ AI
សម្ដែង​ដោយ​ Seo Kang Joon និង​ Gong Seung Yeon។ កូន​ប្រុស​របស់​មហាសេដ្ឋី​ក្លាយ​ជា​មនុស្ស​រុក្ខ​ជាតិ​ដោយ​សារ​តែ​ឧប្បត្តិហេតុ​ ម្ដាយ​របស់​គេ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​បាន​ផលិត​មនុស្ស​យន្ត​ដែល​មាន​រូបរាង​ដូច​ជា​កូន​ប្រុស​ខ្លួន​ ហើយ​ឱ្យ​គេ​ប្រើប្រាស់​ជីវិត​ជា​កូន​របស់​ខ្លួន​ដោយ​មាន​តួឯក​ស្រី​ជា​អង្គរក្ស​។

៦./ Angel’s Last Mission (២០១៩)- ទេព្តា
សម្ដែង​ដោយ​ Shin Hye Sun និង​ Kim Myung Soo ។ តួឯក​ប្រុស​ជា​ទេព្តា​ដែល​ទទួល​បាន​ភារកិច្ច​ចុង​ក្រោយ​មុន​ឡើង​ទៅ​កាន់​ឋានសួគ៌​វិញ​ ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ធ្វើ​ឱ្យ​តួ​ឯក​ស្រី​ដែល​បិទ​បេះដូង​និង​មនោសញ្ចេតនា​ក្រោយ​ពី​ពិការ​លែង​មើល​អ្វី​ឃើញ​ដោយ​សារ​តែ​ឧប្បត្តិហេតុ​ និង​មិន​អាច​រាំ​របាំ​ Ballet ដូច​មុន​ ត្រលប់​មក​បើក​ចិត្ត​និង​មាន​ស្នេហា​ម្ដង​ទៀត​ ប៉ុន្តែ​រឿង​ប្រែ​ជា​ក្រឡាប់​ចាក់​នៅ​ពេល​ដែល​ទេព្តា​ស្រាប់​តែ​លង់​ស្នេហ៍​មនុស្ស​ដែល​ខ្លួន​ត្រូវ​ជួយ​។

៧./ Meow, the Secret Boy (២០២០)- តួឯក​ប្រុស​ជា​សត្វ​ឆ្មា​
សម្ដែង​ដោយ Kim Myung Soo និង ​Shin Ye Eun។ តួឯក​ប្រុស​ជា​សត្វ​ឆ្មា​ដែល​មិត្ត​ភក្ដិ​របស់​តួ​ស្រី​ផ្ញើ​ឱ្យ​ជួយ​ចិញ្ចឹម​ ប៉ុន្តែ​ហេតុការណ៍​ចម្លែក​បាន​កើត​ឡើង​ ឆ្មា​បាន​ក្លាយ​ជា​មនុស្ស​នៅ​ពេល​ដែល​មក​នៅ​ជាមួយ​តួ​ឯក​ស្រី​។

៨. Zombie Detective (២០២០) – ខ្មោច​ហ្សមប៊ី
សម្ដែង​ដោយ​ Choi Jin Hyuk និង Park Joo Hyun។ តួឯក​ប្រុស​ដឹង​ខ្លួន​ឡើង​វិញ​ហើយ​ដឹង​ថា​ខ្លួន​ឯង​គឺ​ជា​ខ្មោច​ហ្សមប៊ី​ ដូច្នេះ​គេ​បាន​បន្លំ​ខ្លួន​ជា​ប៉ូលិស​ស៊ើប​អង្កេត​ដែល​បាន​បាត់បង់​ជីវិត​ ដើម្បី​តាម​ស៊ើប​ពី​មូលហេតុ​ស្លាប់​របស់​ខ្លួន​ ហើយ​បាន​ជួប​ជាមួយ​តួ​ឯក​ស្រី​ដែល​មក​ធ្វើ​ការ​ជា​កូន​ចៅ​របស់​គេ​។​

៩. My Roommate is A Gumiho (២០២១)- កញ្ជ្រោង​កន្ទុយ​៩
សម្ដែង​ដោយ Jang Ki Yong និង​ Hyeri ។ កញ្ជ្រោង​កន្ទុយ​៩​ដែល​នឹង​ក្លាយ​ជា​មនុស្ស​ពេញ​បរិបូរ​នៅ​ពេល​ដែល​ដួង​កែវ​របស់​គេ​ប្រែ​ជា​ពណ៌​ខៀវ​ បែរ​ជា​ជួប​ហេតុការណ៍​ចៃដន្យ​ធ្វើ​ឱ្យ​តួ​ស្រី​លេប​ដួង​កែវ​ចូល​ក្នុង​ពោះ​ ព្រោះ​ហេតុការណ៍​នេះ​តួ​ស្រី​ត្រូវ​មក​រស់​នៅ​ក្នុង​ផ្ទះ​តួ​ប្រុស​ ដើម្បី​រក​វិធី​យក​ដួង​កែវ​ពី​តួ​ស្រី​មក​ឱ្យ​តួ​ប្រុស​វិញ​

១០. Doom At Your Service (២០២១) – អាទិទេព​អន្តរាយ​
សម្ដែង​ដោយ​ Seo In Guk និង Park Bo Young។ តួ​ស្រី​ដែល​មាន​ជីវិត​ជួប​តែ​ទុក្ខ​សោក​ហើយ​មាន​ជំងឺ​មិន​អាច​រស់​នៅ​លើ​ពិភពលោក​នេះ​បាន​ត្រឹម​១០០​ថ្ងៃ​ទៀត​ បាន​ស្រែក​សូម​ឱ្យ​ពិភពលោក​រលាយ​ ស្រាប់​តែ​ពេល​នោះ​អាទិទេព​អន្តរាយ​បាន​បង្ហាញ​ខ្លួន​ ដើម្បី​ធ្វើ​កិច្ច​សន្យា​ជាមួយ​តួ​ស្រី​ ដោយ​សន្យា​​ថា​ពេល​តួ​ស្រី​ស្រាប់​នឹង​មិន​មាន​ការ​ឈឺចាប់នោះ​ទេ​ តែ​មុន​ស្លាប់​តួ​ស្រី​ត្រូវ​សុំ​ពរ​ពី​ខ្លួន​ឱ្យ​ពិភពលោក​វិនាស​ តែ​បើ​តួ​ស្រី​មិន​ធ្វើ​តាម​សន្យា​ មនុស្ស​ដែល​តួ​ស្រី​ស្រលាញ់​នឹង​ស្លាប់​បាត់បង់​ជីវិត​ ព្រោះ​តែ​បែបនេះ​តួ​ស្រី​បាន​ព្យាយាម​ស្រលាញ់​តួ​ឯក​ប្រុស​ដើម្បី​មិន​ចង់​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ក្នុង​ជីវិត​។

Telegram-Troryorng
Share.