លោក Carlos Queiroz គ្រូ​បង្វឹក​ជនជាតិ​ព័រទុយហ្គាល់ ដែល​ធ្លាប់​ដឹកនាំ​ក្រុម​បាល់ទាត់​ល្បីៗ​ដូចជា Real Madrid, Manchester United (គ្រូ​ជំនួយ) និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់, អាហ្វ្រិកខាងត្បូង, អារ៉ាប់រួម, កូឡុំប៊ី, អេហ្ស៊ីប និង​អ៊ីរ៉ង់ ពេល​នេះ​បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ជា​លើក​ទី២​ហើយ ដើម្បី​ត្រៀម​ប្រកួត 2022 FIFA World Cup នៅ​ប្រទេស​កាតារ។

សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីរ៉ង់ បាន​ប្រកាស​ពី​ដំណើរ​ត្រឡប់​មក​វិញ​របស់​បុរស់​វ័យ​៦៩​ឆ្នាំ​រូប​នេះ​នៅ​ថ្ងៃ​ពុធ សប្ដាហ៍​នេះ ខណៈ​កាល​ពី​លើក​ទី១ លោក Carlos Queiroz ដឹកនាំ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អាស៊ី មួយ​នេះ​បាន​ចំនួន​១០០​​ប្រកួត ក្នុង​នោះ​ឈ្នះ​បាន​​៦០​ប្រកួត ស្មើ​២៧​ប្រកួត​និង​ចាញ់​១៣​ប្រកួត ទាត់​ចូលទី​គូ​ប្រកួត​បាន​១៨១​គ្រាប់ និង​របូត​វិញ​៦០គ្រាប់ ក្នុង​រយៈ​ពេល​ពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១១ ដល់​២៨ មករា ២០១៩។

អ៊ីរ៉ង់ ជា​ក្រុម​១​ក្នុង​ចំណោម​​៦ ដែល​តំណាង​ឱ្យ​​ទ្វីប​អាស៊ី ជាមួយ​ជប៉ុន, កូរ៉េខាងត្បូង,អូស្ត្រាលី, កាតារ, (ម្ចាស់​ផ្ទះ) និង​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ព្រឹត្តិការណ៍ 2022 FIFA World Cup Qatar ខណៈ​ក្រុម​អ៊ីរ៉ង់ ស្ថិត​នៅ​ក្នុង​ពូល​ B ជាមួយ​អង់គ្លេស,​អាមេរិក និង​វ៉ែល។

ប្រកួត​បើក​ឆាក​ប្រចាំ​ពូល​អ៊ីរ៉ង់ ត្រូវ​ប៉ះ​អង់គ្លេស នៅ​ថ្ងៃ​ទី២១​ខែ​វិច្ឆិកា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន Khalifa International Stadium ក្នុង​ទីក្រុង Al Rayyan ប្រទេស​កាតារ៕

Share.