ខ្សែ​បម្រើ​ប្រយុទ្ធ Saman Ghoddos វ័យ​២៨​ឆ្នាំ​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់ Brentford សមាជិក​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស (English Premier League) បាន​សម្រេច​ចិត្ត​បន្ត​ពាក់អាវ​ជម្រើស​ជាតិ​អ៊ីរ៉ង់ តទៅ​ដោយ​ច្រាន​ចោល​ឱកាស​ទទួល​បាន​កៅអី​ជម្រើស​ជាតិ​ស៊ុយអែត ក្នុង​ទ្វីប​អឺរ៉ុប។

កីឡាករ Saman Ghoddos ក្នុងឈុតជម្រើសជាតិ​អ៉ីរ៉ង់

កីឡាករ​ Saman Ghoddos កើតនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៩៣ នៅ​ទីក្រុង​ Malmö ប្រទេស​ស៊ុយអែត ដោយ​មាន​ឪពុកម្ដាយ​ជា​ជនជាតិ​អ៊ីរ៉ង់។ ដូច្នេះ​រូបគេ​មាន​ឱកាស​យក​សញ្ជាតិ​ស៊ុយអែត បាន​បើ​តាម​គោលការណ៍​ទីកន្លែង​កំណើត។

ដំបូង​ឡើយ​គេ​បាន​ចូលរួម​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិស៊ុយអែត នៅ​ឆ្នាំ​២០១៧ ដោយ​បង្ហាញ​ខ្លួន​បាន​២លើក​និង​រក​គ្រាប់​បាល់​បាន​១គ្រាប់។ ប៉ុន្តែ​នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ កីឡាករ​ដែល​ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​លីគ​កំពូល​ស៊ុយអែត Allsvenskan រដូវកាល​២០១៦-២០១៧ រូប​នេះ​ក៏​សម្រេច​ចិត្ត​ ប្តូរ​ទៅ​យក​សញ្ជាតិ​របស់​ឪពុកម្ដាយ​ខ្លួន គឺ​អ៊ីរ៉ង់ វិញ​រហូត​ដល់​បច្ចុប្បន្ន។ ​

អត្ថបទពាក់ព័ន្ធ៖World Cup៖មុន​ប៉ះ​អង់គ្លេស ថ្ងៃ​បើក​ឆាក អ៊ីរ៉ង់ យក​គ្រូ​បង្វឹក​ចាស់​មក​ដឹកនាំ​វិញ

យ៉ាង​ណាក្តី​​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ Mehr News Agency បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា​​​កីឡាករ Saman Ghoddos ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត កោះហៅ​ឱ្យ​ចូល​ក្រុម​ដែរ តែ​ត្រូវ​កីឡាករ​រូប​នេះ​បដិសេធ​ព្រម​ទាំង​បញ្ជាក់​ថា​រូប​គេ​ស្រលាញ់​អាវ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់។

ក្នុង​ឱកាស​ប្រកប​អាជីព​នៅ​តាម​បណ្តា​ក្លិប កីឡាករ Saman Ghoddos បាន​ជួយ​ឱ្យ​ក្រុម Brentford ឡើង​មក​លេង​លីគ​កំពូល​អង់គ្លេស វិញ ហើយ​រដូវកាល​ថ្មី​នេះ​ គេ​ត្រូវ​បាន​លោក Thomas Frank អ្នក​ចាត់ការ​ក្រុម​ដែល​ប្រើ​ប្រាស់​កីឡដ្ឋាន Gtech Community Stadium ដាក់​ក្នុង​បញ្ជី​បម្រុង​ស្ទើរ​តែ​គ្រប់​ប្រកួត ដោយ​បង្ហាញ​ខ្លួន​លើ​ទីលាន​បាន​២លើក រយៈពេល​​១៨នាទី​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ វិញ​គិត​ពី​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន​កីឡាករ រូប​នេះ​ធ្លាប់​បាន​​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ចំនួន​៣១ដង ព្រម​ទាំង​ទាត់​បញ្ជូល​ទី​បាន​២គ្រាប់។ ដូច្នេះ​គ្រាប់​បាល់​ទាំង​៣គ្រាប់​មាន៖
-១គ្រាប់ ក្នុង​ខែ​មករា ២០១៧៖ ស៊ុយអែត ៦-០ ស្លូវ៉ាគី (មិត្តភាព​អន្តរជាតិ) នៅ​អារ៉ាប់រួម
-១គ្រាប់​ ក្នុង​ខែ​វិច្ឆិកា ២០១៧៖ អ៊ីរ៉ង់ ២-១ ប៉ាណាម៉ា (មិត្តភាព​អន្តរជាតិ) នៅ​អូទ្រីស
-១គ្រាប់​ក្នុង​ខែ​វិច្ឆិកា ២០១៩៖ អ៊ីរ៉ង់ ៥-០ យេមែន (2019 AFC Asian Cup) នៅ​អារ៉ាប់រួម

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ 2022 FIFA World Cup Qatar នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ​ចុង​ឆ្នាំ​នេះ ហើយ​ក្រុម​ជម្រើសជាតិអ៊ឺរ៉ង់ ស្ថិត​នៅ​ក្នុងពូល B ជាមួយ​ក្រុម​ជើង​ខ្លាំង​អង់គ្លេស, សហរដ្ឋ​អាមេរិក និង​វ៉ែល ខណៈ​ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើឡើងនៅថ្ងៃទី ២០ ខែ វិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២២៕

ព័ត៌មានជុំវិញបាល់ទាត់ក្នុងទ្វីបអាស៊ី សូមចុចអាននៅទីនេះ…

Share.