គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​សម្រេច​លុបចោល​ការ​ប្រកួត​ រវាង​ក្លិប​បឹងកេត និង​ក្លិប​កីឡាបាល់ទាត់​វិសាខា ក្នុង​សប្ដាហ៍​ទី១ នៃ​វគ្គ​ជម្រុះ​ពូល A នៃ​ពានរង្វាន់ League Cup 2021 By Forward នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មិថុនា ឆ្នាំ២០២១ នេះ ខណៈ​ក្លិប​បាល់ទាត់​វិសាខា អះអាង​ថា​ទទួល​បាន​៣ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ។

តាម​គម្រោង​ការ​ប្រកួត​រវាង​បឹងកេត ជាមួយ​វិសាខា ត្រូវ​​ធ្វើ​នៅ​៣៖៣០នាទីរសៀល ថ្ងៃទី៥ ខែ​មិថុនានេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ ប៉ុន្ដែដោយមានករណីសង្ស័យវិជ្ជមាន នៃជំងឺកូវីដ-១៩ លើមន្ដ្រីក្លិបបឹងកេតម្នាក់ CNCC ក៏សម្រេចលុបចោលការប្រកួតនេះតែម្ដង ។

អត្ថបទពាក់ព័ន្ធ៖ពាន League Cup 2021 ចាប់ពូលរួចហើយ ខណៈប្រកួត​២៣​ថ្ងៃ​រក​ឃើញ​​ម្ចាស់​ជើង​ឯក

ក្លិប​បាល់ទាត់​វិសាខា បាន​បញ្ជាក់​នៅ​លើ Application ផ្លូវការ​របស់​ខ្លួន​ថា ផ្អែក​លើ​លក្ខខណ្ឌ​ប្រកួត​ពានLeague Cup 2021 By Forward នេះ ករណី​ក្រុមណាមួយរកឃើញថា មានការពាក់ព័ន្ធជំងឺកូវីដ-១៩ ធ្វើ​ឲ្យការប្រកួតមិនអាចដំណើរការបាន ក្រុមនោះនឹង​ត្រូវកាត់ចេញ​ពីការប្រកួតដោយ​លទ្ធផល​ចាញ់ ៣-០ ។ អាស្រ័យហេតុនេះ​មានន័យថា ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង បានទទួល ៣ពិន្ទុដោយស្វ័យប្រវត្តិពីការលុបចោលការប្រកួតសប្ដាហ៍ទី១ នេះ ។

ពានរង្វាន់ League Cup 2021 By Forward គឺមាន ៨ក្លិបចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពួកយើង ស្ថិតក្នុងពូល A ជាមួយក្លិបបឹងកេត ភ្នំពេញក្រោន និងក្លិប ISI ដង្កោសែនជ័យ ដោយ​ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ​ចំនួន២ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ផ្ដាច់ព្រ័ត្រ៕

ចំពោះកម្មវិធី​ប្រកួត​សរុប​ក្នុង​ពាន​ League Cup 2021 By Forward សូមចុច​នៅ​ទីនេះ…

Telegram-Troryorng
Share.