ម្ចាស់ឡានឈ្នួល ដែលប្រកបរបរដឹកភ្ញៀវជនជាតិចិន និងវៀតណាម តាមរយៈការការចងប្រព័ន្ធ Wechat បានបាត់បង់ឡាន Luxus RX300 បន្ទាប់ពីភ្ញៀវជនជាតិចិនបានជួលឲ្យដឹក ហើយដឹកភ្ញៀវជនជាតិចិនដល់ស្ថានីយប្រេងឥន្ធនៈ LHR នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្ដាល ជាទីចតចាក់សាំង ស្រាប់តែម្ចាស់មិនបានពន្លត់ម៉ាស៊ីន ហើយសោជាប់នៅក្នុងឡាន ដែលជាឱកាសជនជាតិចិន ឡើងរថយន្ដហើយជិះរត់បាត់។ ហេតុការណ៍កើតឡើង នៅថ្ងៃទី៩ ខែកញ្ញា ២០២២។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ វុត្ថា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិជំពុះ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯជនសង្ស័យជាជនជាតិចិន តែនៅមិនទាន់អត្តសញ្ញាណនៅឡើយ។ 

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា សម្ភារៈបាត់បង់រួមមាន ៖ 

-រថយន្ត ០១ គ្រឿង LUXES RX 300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2R-9468
-ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង
១-ម៉ាក IPHONE 6  ពណ៌ស លេខទូរស័ព្ទ 097 6022939
២-ម៉ាក SAMSUNG NOTE 9 ពណ៌ខ្មៅ លេខទូរស័ព្ទ 015 667 745

ចំពោះដំណើររឿងលម្អិត របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនរងគ្រោះ បានប្រកបរបរបើកបររត់តាក់ស៊ី ដឹកភ្ញៀវជនជាតិ ចិន ឬ វៀតណាម តាមប្រពន្ធ័ WeChat ចងជាគ្រុប ទូរស័ព្ទដោយក្នុងនោះឈ្មោះ លីង ភេទ ប្រុស ជនជាតិ ខ្មែរ ប្រើទូរស័ព្ទលេខ 069 589 498  បាននិយាយតាមប្រពន្ធ័ WeChat មកប្រាប់ជនរងគ្រោះថា៖ ទៅដឹកភ្ញៀវចិនទៅប៉ោយប៉ែត។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានបើករថយន្តរបស់ខ្លួន ម៉ាក Lexus rx300 ពាក់ផ្លាកលេខ ភ្នំពេញ 2R-9468 បើកដឹកភ្ញៀវជនជាតិ ចិនភិនភាគ ក្បាលត្រងោល ពាក់អាវយឺត ពណ៌ស ដៃខ្លី ស្លៀកខោ ខ្លីត្រឹមជង្គង់ តាមផ្លូវជាតិលេខ៥ ចេញពីភ្នំពេញ ក្នុងគោលបំណងទៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  លុះពេលជនរងគ្រោះ បើករថយន្តដឹកជនជាតិចិន មកដល់ចំនុចការ៉ាសសាំង កន្លែងកើតហេតុខាងលើ ជនរងគ្រោះ បានបើកចូលទៅចាក់ហ្គាស  ហើយជនរងគ្រោះ បានពន្លត់រថយន្តពុំបានដកសោរ រួចចុះពីលើរថយន្ត  ក៏ដើរទៅបំរ៉ុងគិតលុយថ្លៃហ្គាសអ្នកលក់ ឆ្លៀតពេលនោះ ស្រាប់តែជនជាតិ ចិន មិនស្គាល់អត្តសញ្ញាណខាងលើ បានលួចបើករថយន្តរបស់ជនរងគ្រោះ បណ្តាច់ខ្សែបញ្ចូលហ្គាស ចេញទៅទិសខាងជើង តាមផ្លូវជាតិលេខ៥ បាត់ទៅ ។ ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងសហការជាមួយកម្លាំង ប៉ុស្តិ៍កំពង់លួងកសាងសំណុំរឿង៕

Share.