វិបត្តិ​នៃ​ការ​​រីករាល​ដាល​ជា​សកល​​នៃ​ជំងឺ​កូវីដ​-១៩ នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​ ​សម្រាប់​មនុស្ស​នៅ​លើពិភព​លោក​ ដោយ​សារ​តែ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ ​ធ្វើ​ឱ្យ​មនុស្ស​បាត់​បង់​​ទំនាក់ទំនង​ មុខ​ជំនួញ ​និង ​អាជីព​ ​ចំណែក​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​​ជាប់​គាំង​ ខណៈ​ឆ្នាំ​ង​បាយ​​ចាប់​​ផ្ដើម​ស្ងួត​បណ្ដើរៗ ​មិន​ទុក​ឱ្យ​​ខ្លួន​ដាច់​ពោះ​ តារា​ចម្រៀង​ ​ចេន សាយ​ចៃ​ បាន​បង្កើត​មុខរបរ​ថ្មី​បន្ថែម​ចំនួន​ពីរដើម្បី​​ជីវភាព​ក្នុង​សម័យ​កូវីដ​-១៩។ ​​

សូមចុចអាន៖ ឆ្ងាយតែកាយ! ​ចេន​ ​សាយ​​ចៃ​ ​ផ្ញើ​សំនៀង​លួង​លោម​បំពេរ​អារម្មណ៍​អ្នក​គាំទ្រ​កម្ពុជា​!

យោង​តាម​រយៈ​បទ​សម្ភាស​ពិសេស​មួយ​ជាមួយ​នឹង​កម្មវិធី ​ត្រយង​ Zoom ​របស់​អង្គភាព​សារព័ត៌មាន​ត្រយង​ញូវស៍​ អ្នក​នាង​ ​​ចេន​ សាយ​ចៃ​បាន​ឱ្យ​ដឹង​ថា​អ្នក​នាង​មាន​ការ​លំបាក​ខ្លាំង​ដោយ​សារ​តែ​បញ្ហា​កូវីដ​-១៩ធ្វើ​ឱ្យ​អាជីព​សិល្បៈ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ដូច្នេះ​អ្នកនាង​បាន​ចាប់​ផ្ដើម​បង្កើត​របរ​ថ្មី​មួយ​ទៀត​គឺ​លក់​ឱសថ​បុរាណ​ បន្ថែម​លើ​មុខ​របរ​នោះ​អ្នក​នាង​ក៏​បាន​ចូល​ជា​បុគ្គលិក​ក្រៅ​ម៉ោង​ធ្វើការ​ជា​អ្នក​លក់​ធានារ៉ាប់រង​នៅ​ក្នុង​ក្រុម​ AIA ប្រទេស​ថៃ​ផង​ដែរ​។

ម្ចាស់​បទ​ «នាង​លក់​ក្របី​ចោល​» រូប​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​អ្នក​នាង​នឹង​មាន​បទ​ចម្រៀង​ថ្មី​ដើម្បី​បំរើ​ចំណី​អារម្មណ៍​អ្នក​គាំទ្រ​​នៅ​ប្រទេស​កម្ពុជា​ ដែល​តែងតែ​មាន​ការ​នឹក​រលឹក​ចំពោះ​អ្នក​នាង​រហូត​មក ក្រោយ​បែក​គ្នា​មួយ​រយៈ​ធំ​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​ច្រកចេញ​ចូល​ព្រំដែន​កម្ពុជា-ថៃ​ត្រូវ​បាន​បិទ​។​​

តារា​ចម្រៀង​សំនៀង​រដឺន​រូប​នេះ​ក៏​បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​កំពុង​តែ​ជួប​ទុក្ខ​លំបាក​ដោយ​សារ​ជំងឺ​កូវីដ​-១៩ សូម​កុំ​មាន​ការ​អស់​សង្ឃឹម​ព្រោះ​មិន​យូរ​មិន​ឆាប់​ជំងឺ​នេះ​ គង់​តែ​រលាយ​បាត់​ពី​ពិភពលោក​នេះ​នោះ​ទេ ឱ្យ​តែ​មាន​ការ​តស៊ូ​ប្រាកដ​ណាស់​ច្បាស់​ជា​ឆ្លងផុត​ពី​ដំណាក់​កាល​ដ៏​លំបាក​នេះ​៕

Telegram-Troryorng
Share.