ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន បាន​យក​ឈ្នះ​លើ​ក្រុម​ អាយ.អេស.អាយ ដង្កោសែនជ័យ ដោយ​លទ្ធផល ៥ទល់០ ក្នុង​ប្រកួត​បើក​ឆាក​ពូល A នៃ​ពានរង្វាន់​បាល់ទាត់ League Cup 2021 By Forward Sportswear លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី៥ ខែ​មិថុនា ឆ្នាំ​២០២១។

៥គ្រាប់​របស់​ក្រុម​ភ្នំពេញក្រោន រក​បាន​ដោយ​កីឡាករ​ជនជាតិ​អ៊ុយក្រែន Valeriy Hryshyn នៅ​នាទី​ទី៩ ហើយ​កីឡាករ​​ជប៉ុន Takaki Ose រក​បាន​គ្រាប់​ទី២​នៅ​នាទី​២៥។ ចូល​ដល់​តង់ទី២​កីឡាករ ជួន ចិនចាវ រក​គ្រាប់​បាល់ទី៣​ឱ្យ​ក្រុម​នៅ​នាទី​៥៩ រហូត​ដល់​នាទី​៦៨ កីឡាករ​ជនជាតិ​ Andres Nieto បន្ថែម​គ្រាប់​ទី៤ និង​គ្រាប់​ចុងក្រោយ​រក​បាន​ដោយ​កីឡាករ ប្រាក់ ធីវ៉ា នៅ​នាទី​៧០។

អត្ថបទពាក់ព័ន្ធ៖វិសាខា អះអាងថា​ទទួល​បាន​៣ពិន្ទុ ពី​បឹងកេត ក្នុង​ពាន League Cup 2021 By Forward

សម្រាប់​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី៦ ខែ​មិថុនា ឆ្នាំ​២០២១ ជា​វគ្គ​ជម្រុះពូល​ B ដោយ​ក្រុម​ខេត្ត​ព្រៃវែង ត្រូវ​ជួប​ក្រុម​កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា ក្បែរ​ហ្រ្គេនភ្នំពេញ ព្រម​ទាំង​មាន​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក Troryorng News ផង​ដែរ។ ចំណែក​១គូ​ទៀត​​​រវាង​ព្រះខ័នរាជស្វាយរៀង ជាមួយ​យុវជន​សាលា​បាល់ទាត់ជាតិ​បាទី ត្រូវ​បាន​លុប​ចោល ដោយ​សារ​គ្រូ​អ្នកចាំទីក្រុម​យុវជន​បាទី មាន​វិជ្ជមាន​កូវីដ-១៩៕

រូបថត៖CNCC

Telegram-Troryorng
Share.