សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះអ្នកចោទសួរថា ហេតុអ្វីសម្ដេចមិនបង្ក្រាប និងចាប់​លោកខឹម វាសនា ដាក់គុក ខណៈលោកខឹម វាសនា បានបំផុសបំផុលរឿងផែនដីប្រឈមនឹងការជន់លិច។ សម្ដេចថា ការបង្ក្រាប​ស្មើនឹងការប្រើប្រាស់កម្លាំងលើប្រជាជន ព្រោះករណីនេះគ្រាន់តែជំនឿប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថា​ មានគេចោទថា សម្ដេចបានបញ្ជា លោកខឹម វាសនា ឲ្យបង្កើតព្រឹត្តិការណ៍នេះ ក្នុងន័យដើម្បីបង្វែរឿងនេះ រឿងនោះ។ ដូច្នេះហើយសម្ដេចស្នើឲ្យ លោក ខឹម វាសនា ឆ្លើយតប​រឿងនេះ តើលោក ខឹម វាសនា សុខចិត្តឲ្យគេចោទប្រកាន់ថា ឯកឧត្តម និងអ្នកគាំទ្រ គឺជា​អាយ៉ងរបស់សម្ដេចឫយ៉ាងណា?

យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ​ឲ្យដល់ក្រុមគ្រួសារ សាច់ញាតិគ្នា មានការយោគយល់គ្នាទៅវិញទៅមក នៅពេលអ្នកដែលបានជឿ​បានវិលត្រឡប់ដល់ផ្ទះវិញ។ សេចក្ដីអំពាវនាវនេះកើតមានបន្ទាប់ពីសម្ដេចបានយល់ឃើញថា «បញ្ហានៅសេសសល់ គឺកូនមិនស្គាល់ឪពុក ប្ដីប្រពន្ធខ្លះបែកបាក់គ្រួសារ ដោយសារតែជំនឿស៊ប់នេះ»។

«ត្រឹមដី១០ជាងហិចតាមានអ្វីពិបាក ប្រសិនបើប្រាស់ចុងកាំភ្លើងនោះ តែនេះមិនមែនជាជំរើសរបស់ហ៊ុន សែន។ ជម្រើសរបស់ហ៊ុនសែនត្រូវប្រើប្រាស់ប្រដាប់អាវុធ គឺអ្នកចង់ផ្ដួលរលំ គឺអ្នកនោះនឹងត្រូវរងប្រតិកម្មពីប្រដាប់អាវុធ»។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់។

សូមស្ដាប់ប្រសាសន៍សម្ដេចទាំងស្រុង តាមរយៈវីដេអូខាងក្រោមនេះ ៖

សូមបញ្ជាក់ថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួននាពេលកន្លងមកថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឱ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋប្រមាណជាជាង១ម៉ឺននាក់បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។ យ៉ាងណាមិញក្រុមអ្នកគាំទ្រ បានស្ម័គ្រចិត្តវិលត្រឡប់ទៅផ្ទះវិញជាបណ្ដើរៗហើយ៕

Share.