ប្រធាន​សហព័ន្ធ​កីឡា​ហែលទឹក​អន្តរជាតិ បាន​​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​១៧រូប​មក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩០៨ មក ​ខណៈ​ក្នុង​អាណត្តិ​​​៤​ឆ្នាំ​២០២១-២០២៥ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក Al-Musallam ជនជាតិ​គុយវ៉ែត ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ ហើយ​នេះ​ជា​ជនជាតិ​អាស៊ី​ដំបូង​ដែល​ឡើង​កាន់​តំណែង​កម្រិត​ពិភពលោក​នេះ។

លោក Al-Musallam ជា​បេក្ខជន​តែ​១រូប​គត់​ដែល​បាន​ដាក់​ពាក្យ​ឱ្យ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​សហព័ន្ធ បន្ទាប់​ពី​លោក​កាន់​តំណែង​ជា​អនុប្រធាន​សហព័ន្ធ​​នាពេល​កន្លង​មក។ ឡើង​តំណែង​ថ្មី​នេះ​គឺ​ជំនួស​លោក Julio Maglione ជនជាតិ​អ៊ុយរុយហ្គាយ ដែល​កាត់​តំណែង​អស់​ពេល​១២ឆ្នាំ​មក​ហើយ។

នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​​របស់​សហព័ន្ធ​កីឡា​ហែលទឹក​អន្តរជាតិ ដែល​ធ្វើ​ឡើង​​តាម​រយៈ​អនឡាយ​នៅ​ទីក្រុង​ដូហា ប្រទេស​កាតារ កាល​ពី​ពេល​ថ្មីៗ​មាន​៣១៩​ប្រទេស/ដែន​កោះ​​​​ជា​សមាជិក ខណៈ​តំណែង​ប្រធាន​សហព័ន្ធ​អន្តរជាតិ​របស់​លោក Al-Musallam មាន​ការ​បោះឆ្នោត​គាំទ្រ​ចំនួន​៣០២​សម្លេង ៧​សម្លេង​​អនុបវាទ និង​១០​សម្លេង​​អវត្តមាន។

សូម​បញ្ជាក់​ថា​លោក​ប្រធាន​សហព័ន្ធ​កីឡា​​ហែលទឹក​អន្តរជាតិ​តាំង​ពី​បង្កើត​ឡើង​ដំបូង​ដល់​បច្ចុប្បន្ន​មាន៖

១.លោក George Hearn ចក្រភពអង់គ្លេស ​ចន្លោះ​ឆ្នាំ​១៩០៨-១៩២៤
២.លោក Erik Bergvall ស៊ុយអែត ចន្លោះ​ឆ្នាំ​១៩២៤-១៩២៨
៣.លោក Émile-Georges Drigny បារាំង ចន្លោះ​​ឆ្នាំ​១៩២៨-១៩៣២
៤.លោក Walther Binner អាល្លឺម៉ង់ ចន្លោះ​ឆ្នាំ​១៩៣២-១៩៣៦
៥.លោក Harold Fern ចក្រភព​អង់គ្លេស ចន្លោះ​ឆ្នាំ​១៩៣៦-១៩៤៨
៦.​លោក Rene de Raeve ប៊ែលហ្សិក ចន្លោះ​ឆ្នាំ​១៩៤៨-១៩៥២
៧.លោក M.L. Negri អាហ្សង់ទីន ចន្លោះ​១៩៥២-១៩៥៦
៨.លោក Jan de Vries ហុល្លង់ ចន្លោះ​ឆ្នាំ​១៩៥៦-១៩៦០
៩.លោក Max Ritter អាល្លឺម៉ង់ ចន្លោះ​ឆ្នាំ១៩៦០-១៩៦៤
១០.លោក William Berge Phillips អូស្ត្រាលី ចន្លោះ​ឆ្នាំ​១៩៦៤-១៩៦៨
១១.លោក Javier Ostos Mora ម៉ិចស៊ីកូ ចន្លោះ​ឆ្នាំ​១៩៦៨-១៩៧២
១២.លោក Harold Henning អាមេរិក ចន្លោះ​ឆ្នាំ​១៩៧២-១៩៧៦
១៣.លោក Javier Ostos Mora (លើក​ទី២) ចន្លោះ​ឆ្នាំ​១៩៧៦-១៩៨០
១៤.លោក Ante Lambaša យូកូស្លាវី ចន្លោះ​ឆ្នាំ​១៩៨០-១៩៨៤
១៥.លោក Robert Helmick អាមេរិក ចន្លោះ​ឆ្នាំ​១៩៨៤-១៩៨៨
១៦.លោក Mustapha Larfaoui អាល់ហ្សេរី ចន្លោះ​ឆ្នាំ​១៩៨៨-២០០៩
១៧.លោក Julio Maglione អ៊ុយរ៉ុយហ្គាយ ចន្លោះ​ឆ្នាំ​២០០៩-២០២១
១៨.លោក Al-Musallam គុយវ៉ែត ចន្លោះ​ឆ្នាំ​២០២១-២០២៥

Telegram-Troryorng
Share.