មេឃធ្លាក់ខ្យល់ និងរលឹមរាយប៉ាយបង្កជារន្ទះ បានបាញ់សត្វគោបណ្តាលឲ្យងាប់អស់ចំនួន ៨ក្បាលនៅទីតាំង២ផ្សេងគ្នាក្នុងខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះធម្មជាតិដោយរន្ទះបាញ់នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងមកនេះ លើទីតាំងចំនួន ២ ត្រង់ចំណុច ភូមិសាមគ្គី ឃុំហប់ ស្រុកគាស់ក្រឡ និងចំណុចភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក ផូ រ៉ន ជាម្ចាស់សត្វគោ រស់នៅក្នុងស្រុករតនមណ្ឌលបានបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង ជាង ៤:០០នាទីល្ងាចក្រោយពេលដែលគាត់បានរៀបចំចងគោចំនួនជាង ១០ក្បាលឲ្យស៊ីស្មៅនៅខាងក្រោយផ្ទះស្រាប់តែមេឃប្រែប្រួលខ្មៅអាប់អួរហើយរលឹមក៏កើតឡើងនូវផ្គររន្ទះតែម្តង។

សត្វគោរបស់គាត់ដែលងាប់ដោយសាររន្ទះបាញ់នេះសរុបចំនួន ៦ក្បាល រីឯ ២ក្បាលទៀតជាគោរបស់ម្ចាស់ផ្សេងមួយទៀត។

ការប្រែប្រួលនៃអាកាសធាតុក្នុងអំឡុងពេលចុងក្រោយ ក្រសួងធនធានទឹកនិងឧតុនិយម ជារឿយៗបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះក៏ដូចជាខ្យល់រន្ទះ។ បាតុភូតរន្ទះនាពេលកន្លងមកបានឆក់យកជីវិតមិនមនុស្សមួយចំនួនផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.