ពានរង្វាន់​បាល់ទាត់​វ័យ​១០៥ឆ្នាំ ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិកខាងត្បូង The South American Football Confederation (CONMEBOL) សម្រេច​រៀបចំ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល តែ​ម្តង​ក្រោយ​សហម្ចាស់​ផ្ទះ​អាហ្សង់ទីន និង​កូឡុំប៊ី សុំ​ដកខ្លួន មុន​ការ​ប្រកួត​ចាប់​ផ្ដើម​តែ​​១៣​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​សារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ក្នុង​ប្រទេស​ទាំង​២​មាន​ការ​ឆ្លងរីករាល​ដាល​ខ្លាំង។

តាម​ផែនការ​ព្រឹត្តិការណ៍​នេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រៀម​ដណ្តើម​ជើង​ឯក​ជា​បន្ត។

អត្ថបទពាក់ព័ន្ធ៖អាមេរិកខាងត្បូង គ្រោង​យក​វ៉ាក់សាំង​ចិន​Sinovac ចាក់​ឱ្យ​កីឡាករ​មុន​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប

ប្រទេស​ប្រេស៊ីល បាន​សម្រេច​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន​៥ក្នុង​ចំណោម​៤ទីក្រុង នៅ​ប្រទេស​របស់​ខ្លួន​ដើម្បី​ទទួល​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទ្វីប​នេះ។ ការ​ប្រកួត​បើក​ឆាក​ពូល B ធ្វើ​មុន​គេ​ក្នុង​ថ្ងៃ​ទី១៣ ខែ​​មិថុនា ឆ្នាំ​២០២១ ដោយ​ក្រុម​ប្រេស៊ីល ប៉ះ​វេណេហ្ស៊ុយអេឡា ហើយ​ក្រុម​កូឡុំប៊ី ជួប​អេក្វាឌ័រ។ ចំណែក​ពូល A ប្រកួត​នៅ​ថ្ងៃ​​ទី​១៤ ខែ​មិថុនា ក្រុម​អាហ្សង់ទីន ប៉ះ​ឈីលី និង​ប៉ារ៉ាហ្គាយ ជួប​បូលីវី។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូឡាវី ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.