ប៉ូលីសឥណ្ឌាបាននិយាយនៅថ្ងៃ អង្គារ នេះថា មានអគ្គីភ័យឆាបឆេះនៅកន្លែងតាំងបង្ហាញម៉ូតូអគ្គិសនីមួយកន្លែងក្នុងប្រទេសឥណ្ឌា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និង មនុស្ស១១នាក់ ផ្សេងទៀតរងរបួស ដែលនេះជាឧបទ្ទវហេតុដ៏សាហាវបំផុតដែលពាក់ព័ន្ធនឹងគ្រឿងយានយន្ដអគ្គិសនីនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Alarabiya នាថ្ងៃ អង្គារ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២។

អគ្គីភ័យដែលពាក់ព័ន្ធនឹងម៉ូតូអគ្គិសនីបានកើតឡើងច្រើនករណីគួរឲ្យកត់សម្គាល់ ដោយបានធ្វើឲ្យរដ្ឋាភិបាលឥណ្ឌា មានការព្រួយបារម្ភ ដោយសារតែប្រទេសនេះចង់លើកកម្ពស់ឲ្យមានការប្រើប្រាស់យានយន្ដអគ្គិសនី ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស។ ការស៊ើបអង្កេតដំបូងៗបានរកឃើញថា កត្តាអាគុយស្ថិតក្នុងចំណោមមូលហេតុចម្បង ដែលបណ្ដាលឲ្យមានអគ្គីភ័យទាំងនេះ។

សម្រាប់ករណីថ្មីចុងក្រោយនេះ វាបានកើតឡើងកាលពីយប់ថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ នៅជាន់ក្រោមដីនៃសណ្ឋាគារមួយដែលផ្ទុកកន្លែងតាំងបង្ហាញ និង មានម៉ូតូអគ្គិសនីប្រហែលជាង ២០គ្រឿង ស្ថិតក្នុងទីក្រុង សេឃូនដឺរ៉ាបាដ នៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា។ ប៉ូលីសបានបានប្រាប់ថា ជនរងគ្រោះដែលបាត់បង់ជីវិតភាគច្រើន ជាអ្នកស្នាក់នៅសណ្ឋាគារផ្ទាល់ ចំណែកមូលហេតុនៃការឆាបឆេះ គឺមិនទាន់ត្រូវបានកំណត់មូលហេតុច្បាស់លាស់នៅឡើយទេ​ ប៉ុន្ដែគេដឹងថា មានម៉ូតូអគ្គិសនីមួយចំនួនចតនៅកន្លែងដែលអគ្គីភ័យចាប់ផ្ដើមឡើង។

យោងតាមរូបភាពប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ប៉ូលីស និង អ្នកពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្ដស្ទូច និង ឧបករណ៍ផ្សេងទៀត ដើម្បីជួយសង្រ្គោះភ្ញៀវនៅក្នុងសណ្ឋាគារដែលជាប់គាំងនៅជាន់ខាងលើនៃអគារ ៤ជាន់ ខណៈផ្សែងខ្មួលខ្មាញបានហុយចេញតាមបង្អួចនៃសណ្ឋាគារ។

ទន្ទឹមនោះលោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកមានការសោកស្ដាយចំពោះការស្លាប់នេះ ហើយបានសន្យាថា នឹងផ្ដល់សំណងដល់ជនរងគ្រោះក្នុងអគ្គីភ័យនេះ។

សូមជម្រាបថា កាលពីខែមីនា ឥណ្ឌាបានបើកការស៉ើបអង្កេតជុំវិញក្តីព្រួយបារម្ភផ្នែកសុវត្ថិភាព បន្ទាប់ពីមានករណីអគ្គិភ័យជាច្រើនពាក់ព័ន្ធនឹងម៉ូតូអគ្គិសនីបានកើតមានឡើងជាញឹកញាប់ ក្នុងនោះរួមមានទាំងករណីមួយ ដែលបុរសម្នាក់ព្រមទាំងកូនស្រីបានស្លាប់ នៅពេលដែលសុខៗ ម៉ូតូអគ្គិសនីពួកគេស្រាប់តែឆាបឆេះ។ ឥណ្ឌាមានគោលដៅចង់ឲ្យម៉ូតូអគ្គិសនី ទទួលបន្ទុករហូតដល់៨០ភាគរយ នៃការលក់ម៉ូតូអគ្គិសនីនៅក្នុងប្រទេស ត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន វារ៉ាប់រងត្រឹម២ភាគរយប៉ុណ្ណោះ៕

ប្រភព៖ Alarabiya

Share.