មហាគ្រួសារបាល់ទាត់កម្ពុជាមានភាពសោកសង្រេងជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោក គីម ភក្ដី គ្រូបង្គោលក្រុមបឹងកេត នាវេលាម៉ោងប្រមាណ ៩:១០ នាទីព្រឹកកាលថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២២។ លោកគឺជាធនធានគ្រូបង្វឹកខ្មែរដ៏សកម្មមួយនៅលីគកំពូលកម្ពុជាក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

លើសពីនេះទៅទៀត លោកបានជាប់ជាគ្រូល្អប្រចាំពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៩ ពេលដឹកនាំបឹងកេតលើកពានជាប្រវត្តិសាស្ត្ររបស់ក្លិបលើកដំបូង ទោះស្ថិតក្នុងតំណែងគ្រូបង្វឹកបណ្ដោះអាសន្នក៏ដោយ។ នៅឆ្នាំ ២០២០ លោកក៏បាននាំក្លិបបឹងកេតលើកពានលីគកំពូលលើកទី ៤ ជាប្រវត្តិសាស្ត្ររបស់ក្លិបដូចគ្នា ទោះស្ថិតក្នុងតំណែងដឹកនាំបណ្ដោះអាសន្នដដែលក៏ដោយ។

នៅឆ្នាំដដែលនេះ លោកជាគ្រូខ្មែរតែម្នាក់គត់ដែលដឹកនាំក្រុមមិនចាញ់ ១៣ ប្រកួតជាប់គ្នា (ការប្រកួតនៅសល់) នៅលីគកំពូលតាំងពីឆ្នាំ ២០១៩ មក ក្រោយការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិថៃ Aphisit Im Amphai។ ហើយលោកក៏ឈ្នះពានឯកត្តជន ជាគ្រូល្អប្រចាំលីគកំពូលឆ្នាំ ២០២០ ផងដែរ ក្រោយដឹកនាំឱ្យក្រុមលើកពានដ៏សប្បាយរីករាយ។

លោកត្រូវបានតែងតាំងជាគ្រូបង្គោលផ្លូវការនៅឆ្នាំ២០២១ និងបានដឹកនាំក្រុមបឹងកេតឱ្យមានការប្រកួតប្រជែងខ្ពស់ទាំងពានពានសម្ដេច និង លីគកំពូល។ លោកបាននាំបឹងកេត ទទួលចំណាត់ថ្នាក់លេខ៣ ពានសម្ដេច ក្រោយឈ្នះ ភ្នំពេញក្រោន ២-០ នៅវគ្គដណ្ដើមយកលេខ៣។ ហើយលោកដឹកនាំឈ្នះ ៨ ប្រកួតជាប់គ្នានៅលីគកំពូលឆ្នាំ ២០២១ ដែលជាកំណត់ត្រាដ៏ល្អមួយផងដែរ។

លោក គឹម ភក្តី ត្រូវបាន​ចាត់​ទុកថា ​ជា​​បុរស​ដ៏ផុសផុលម្នាក់ ​ក្នុង​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា ដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងជាគ្រូបង្វឹកនៃក្លិបកងទ័ពជើងទឹក (ភុជង្គនាគ) បន្ទាប់មក​ប្តូរ​ទៅ​ជា​ក្លិប​ឆ្លាមសមុទ្រ ហើយ​លោកក៏ធ្លាប់មានតួនាទីជាជំនួយការ​របស់​លោក Yusuke Iki ក្នុង​ការ​បណ្ដុះ​បណ្ដាល​កីឡាករ​យុវជន​ថ្នាល​នៅ​សាលា​បាល់​ទាត់​ជាតិ​នៃ​មជ្ឈមណ្ឌល​កីឡា​បាល់​ទាត់បាទី ​ផងដែរ។

លោក គឹម ភក្តី បាន​ក្លាយជា​ធនធាន​កីឡា​បាល់​ទាត់សំខាន់​ទី​៣ ដែលបាន​ទទួលមរណភាព នៅក្នុង​ឆ្នាំ​ ២០២២​ នេះ គឺ​បន្ទាប់ពី​ការ​ទទួលមរណភាព​របស់​​ប្រធាន​ក្លិប​ភ្នំពេញក្រោន លោក ឫទ្ធី សំណាង កាលពី​ខែឧសភា ដោយរោគាពាធ ក្នុងវ័យ​ ៤១ ឆ្នាំ​ដូចគ្នា និងការ​​ស្លាប់របស់​អតីត​គ្រូ​បង្វឹក​ជើង​ចាស់ លោក មិត្ត សំអែល កាលពី​ខែសីហា៕

Share.