សូមប្រុងប្រយ័ត្ន ជំងឺខាន់លឿងលើស្បែក និងភ្នែក (Ictère) អាចជាជំងឺមហារីកលំពែងបាន។ ខាងក្រោមនេះ ជារោគសញ្ញា និងមូលហេតុ នៃជំងឺមហារីក ដែលសារព័ត៌មាន ត្រយង ញូវស៍ ដកស្រង់ពី មន្ទីរពេទ្យ កាល់ម៉ែត្រ។

ក) អ្វីជាមហារីកលំពែង?

មហារីកលំពែង ជាជំងឺកំរ (rare) តែកាចសាហាវ (agressif) ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០%នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។

ខ) មូលហេតុ និងកត្តារួមផ្សំ (Causes et facteur de risque)

គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កអោយមានជំងឺមហារីកនេះ៖

   – ទឹកនោមផ្អែម

   – រលាកលំពែងរ៉ាំរ៉ៃ

   – ស្រា និងបារី

   – អាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ

   – និងកត្តាដំណពូជផ្សេងៗទៀត

គ) រោគសញ្ញា

   – គេពិបាកនឹងឃើញរោគសញ្ញាជាក់លាក់ណាស់ វាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើអោយអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ។ 

   – អាចរាគមួល 

   – មានទឹកនោមផ្អែម

   – ឡើងលឿង នៅលើស្បែក និងភ្នែក

   – ស្រកទម្ងន់

ឃ) ការព្យាបាល

ការព្យាបាលគឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។

“សូមលោក លោកស្រីមកទទួលប្រឹក្សាជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញមហារីក  វះកាត់មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អំពីវិធីសាស្ត្រព្យាបាលជំងឺមហារីក អោយបានទាន់ពេល និងទទួលបានប្រសិទ្ធភាពខ្ពស់”៕

Share.