រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖ ការស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ ត្រូវដាក់បញ្ចូលនូវភាពចាំបាច់ក្នុងការបង្កើនភាពធន់ និងលើកកម្ពស់និរន្តរ៍ភាពសម្រាប់វិស័យដ៏សំខាន់នេះ ដែលជាការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលការណ៍ភាតរបរិស្ថានដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ ការរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញដូចជាប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍ គឺជាវិធីសាស្រ្តដ៏ប្រសើរទាំងសម្រាប់បរិស្ថាន និងប្រតិបត្តិករទេសចរណ៍។

ក្រោមការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) គម្រោងដែលមានឈ្មោះថា៖ «ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន» ត្រូវបានដាក់ឱ្យដំណើរការនាថ្ងៃនេះក្នុងគោលបំណងសម្របសម្រួលឲ្យមានដាក់បញ្ចូលការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ រមណីយដ្ឋានធម្មជាតិ និងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។ លទ្ធផលដែលគម្រោងនឹងសម្រេចបាននឹងរួមចំណែកគាំទ្រកិច្ចខិតខំរបស់កម្ពុជាក្នុងការឈានទៅសម្រេចបាននូវគោលដៅរបស់ខ្លួនសម្រាប់វិស័យថាមពលក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ជម្រុញតម្លៃប្រើប្រាស់សមរម្យ និងធានាហេតុប៉ះពាល់បរិស្ថានឲ្យនៅកម្រិតទាប។

ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ «ក្រសួងទេសចរណ៍ទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញ និងការរួមចំណែករបស់វិស័យនេះក្នុងការកសាងទេសចរណ៍ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍បៃតង។»

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ «ខ្ញុំលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងឡាយ សមាជិកទេសចរណ៍ធម្មជាតិតាមសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានាឲ្យចូលរួមគាំទ្រការអនុវត្តគម្រោងនេះ ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍន៍ទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។»

សេចក្តីប្រាថ្នាចង់បានទេសចរណ៍មួយប្រកបដោយនិរន្តរភាព និងដោយការទទួលខុសត្រូវពីសំណាក់ភ្ញៀវទេសចរ និងពីវិស័យសាជីវកម្ម កំពុងមាននិន្នាការកើនឡើង ហើយភ្ញៀវដែលអញ្ជើញមកទស្សនាកំសាន្តនៅតាមទីតាំងទេសចរនានាកាន់តែប្រាថ្នាស្វែងយល់អំពីបែបផែននៃការគ្រប់គ្រងតំបន់គោលដៅទេសចរណ៍ទាំងនោះ ក៏ដូចជាចង់ចូលរួមចំណែកដល់ការការពារបរិស្ថាន និងការជួយកែលម្អជីវភាពរបស់ប្រជាជនដែលរស់នៅក្នុងតំបន់មូលដ្ឋាននោះ តាមរយៈការស្នាក់នៅ និងការចំណាយលើសេវាកម្មទេសចររបស់ពួកគេ។

វិធីសាស្ត្រនៃប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធបរិក្ខាត្រជាក់ដែលជួយសន្សំសំចៃ អាចជួយប្រតិបត្តិករទេសចរណ៍កាត់បន្ថយការចំណាយក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ហើយទន្ទឹមគ្នានេះវានឹងជួយបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ។

Photovoltaic modules on the background of sunset and cloudy sky; Shutterstock ID 251888335; Purchase Order: Renewable Energy for Jackie McKeon; Job: ; Client/Licensee: Jackie McKeon for WWF-Australia; Other:

លោកស្រី Nadia Ottiger នាយករងនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ និងជាប្រធានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដោយបរិយាប័ន្ន បានថ្លែងថា៖ «ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រគម្រោងនេះតាមរយៈភាពជាដៃគូរយៈពេលវែងរបស់យើងជាមួយ WWF-ស្វីស។ ការការពារអាកាសធាតុ និងកម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាអាទិភាពសំខាន់ៗសម្រាប់ទីភ្នាក់ងារស្វីស។ «ទីភ្នាក់ងារស្វីស SDC ប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ភាតរបរិស្ថានរយៈពេលវែង និងកាត់បន្ថយភាពក្រីក្រ។ យើងរំពឹងទុកលើភាពប្រទាក់ក្រឡាគ្នាជាមួយគម្រោងផ្សេងៗទៀតដែលត្រូវបានគាំទ្រដោយទីភ្នាក់ងារស្វីស ដូចជាកម្មវិធីភាពជាដៃគូសម្រាប់ព្រៃឈើ និងជលផល ក៏ដូចជាកិច្ចការទាក់ទងនឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។

លោក សេង ទៀក នាយក​អង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើប និងរីករាយជាមួយទឹកចិត្តដោយការបានដាក់ឱ្យដំណើរការគម្រោងនាថ្ងៃនេះ ដែលគម្រោងនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍ឆ្ពោះទៅមុខដោយអនុវត្តបទដ្ឋានមួយប្រកបដោយការទទួលខុសត្រូវ និងនិរន្តរ៍ភាពប្រសើរជាងមុន ហើយគាំទ្រដល់ការការពារបរិស្ថាន តាមរយៈការប្រើថាមពលកកើតឡើងវិញ និងប្រព័ន្ធបរិក្ខាត្រជាក់ដែលជួយសន្សំសំចៃក្នុង ផ្ទះស្នាក់ទេសចរណ៍ធម្មជាតិ សណ្ឋាគារ ទីតាំងសហគមន៍ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ នេះ​ជា​បទដ្ឋានមួយដែលនាំឲ្យមានការ​ផ្លាស់ប្តូរជាវិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។»

​ក្នុងការរៀបចំគម្រោងនេះឡើង គេបានដាក់បញ្ចូលនូវវិធីសាស្ត្រ និងបទដ្ឋានដែលគាំទ្រការអនុវត្តដោយនិរន្តរ៍ភាពក្នុងនោះរាប់បញ្ចូលទាំងភាពជាដៃគូរយៈពេលវែងជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន ដូចជាសមាគមអភិរក្សវប្បធម៌ និងបរិស្ថាន (CEPA) ជាដើម។ គម្រោងនេះមានសក្តានុពលក្នុងការពង្រីកវិសាលភាពដើម្បីឈានទៅសម្រេចបានលទ្ធផលសម្រាប់រយៈពេលយូរអង្វែងក្នុងវិស័យទេសចរណ៍ និងថាមពល។ ការលើកកម្ពស់ការចូលរួមពីស្ត្រី និងជនពិការក្នុងអនុវត្តសកម្មភាពរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងថាមពល ក៏ជាផ្នែកសំខាន់មួយសម្រាប់ការផ្តោតការយកចិត្តទុកដាក់ក្នុងអំឡុងពេលនៃការអនុវត្តគម្រោងនេះផងដែរ។

លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជាបាននិយាយថា៖ «គម្រោងមួយនេះនឹងនាំយកនូវការអនុវត្តបទដ្ឋានថាមពលប្រកបដោយនិរន្តរភាពជូនដល់ប្រតិបត្តិករទេសចរណ៍ និងជួយសមាជិករបស់សហព័ន្ធ​ទេសចរណ៍​កម្ពុជាក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គីសនីក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ តាមរយៈការណែនាំឲ្យប្រើប្រាស់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងការប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាព សំដៅគាំទ្រសមាជិកទាំងអស់ក្នុងការស្តារអាជីវកម្មរបស់ពួកគេឡើងវិញឱ្យបានកាន់តែប្រសើរឡើងក្រោយវិបត្តិCOVID-19 ។»

តាមរយៈការរៀបចំឱ្យប្រសើរឡើងនូវបទដ្ឋានបរិក្ខារ និងការគ្រប់គ្រងលើការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព គេក៏រំពឹងទុកដែរថាប្រាក់ចំណូលមកពីសេវាកម្មទេសចរណ៍ធម្មជាតិតាមសហគមន៍មូលដ្ឋាននៅក្នុងតំបន់ព្រៃលិចទឹកមេគង្គនឹងកើនឡើង ហើយប្រែក្លាយជាកត្តាលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាជនសហគមន៍មូលដ្ឋានក្នុងការកាត់បន្ថយការប្រើប្រាស់ប្រភពថាមពលដែលគ្មាននិរន្តរភាព ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិរក្សជីវចម្រុះនៅក្នុងតំបន់ទេសភាពមេគង្គដ៏មានតម្លៃទាំងនេះ។

Share.