ប្រភេទ​តន្ត្រី​បែប​ Hip-Hop បាន​ចាប់​កំណើតនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 1973 ដោយ DJ ម្នាក់ឈ្មោះ Kool Herc ។ គាត់បានរៀបចំពិធីជប់លៀងមួយ​មាន​ឈ្មោះ​ថា​ Back-to-School ធ្វើឡើងនៅ 1520 Sedgwick Avenue ដែលជាអគារផ្ទះល្វែងមួយកន្លែង វាមានទីតាំងនៅសង្កាត់ Bronx នៃទីក្រុងញូវយ៉ក។ ហើយពីចំណុចនេះឯង បានក្លាយជាចំណុចចាប់ផ្តើម ដែលបណ្តាលឱ្យមានបដិវត្តន៍នៃវិស័យតន្ត្រីថ្មី។

ក្នុង​អំឡុងពេល​នៃ​កម្មវិធី​ គាត់​បាន​បង្កើត​នូវ​បរិយាកាស​មួយ​ថ្មី​ខុស​ប្លែក​ពិ​មុន​ ដោយ​គាត់​បាន​យក​ឧបករណ៍​ចាក់​ឌីស​ចំនួន​២​ មក​បើក​ឆ្លាស់​គ្នា​ទៅ​វិញ​ទៅមក​ បង្កើត​បាន​ជាសំឡេង​ Mix ជាមួយ​នឹង​គាត់​និយាយ​ ថែម​ទាំង​មាន​វគ្គ​ Break ដែល​មាន​សំឡេង​តន្ត្រី​កាន់​តែ​វែង​ឡើង​ ជួយ​ឱ្យ​អ្នក​និយម​រាំ​បាន​រាំ​កាន់​តែ​យូរ​ថែម​ទៀត​។

ក្នុង​ពេល​ដែល​ Kool Herc កំពុង​បើក​ចម្រៀង​ មិត្ត​របស់​គេ​ Coke La Rock ក៏​បាន​បញ្ចេញ​សំឡេង​ច្រៀង​តាមរយៈ​មេក្រូហ្វូន​ កណ្ដាល​ចំណោម​មនុស្ស​ដែល​កំពុង​តែ​រាំ​លេង​កម្សាន្ត​យ៉ាង​រីករាយ​ ដោយ​ហេតុនេះ​ហើយ​តន្ត្រី​បែប​ Hip Hop ក៏​បាន​ចាប់​កំណើត​ឡើង​។

Kool Herc

ក្រោយមក​ទៀត​ចម្រៀង​មាន​លក្ខណៈ​បែប​នេះ​ត្រូវ​គេ​ហៅ​ថា​ Break Dance ដើម្បី​បង្កើន​ភាព​រីករាយ​កាន់​តែ​ខ្លាំង​ទ្វេរ​ដង​ ពិធីករ​ក៏​បាន​បន្ថែម​ប៉ារ៉ូល​ច្រៀង​ដើម្បី​បូកផ្សំ​ជាមួយ​នឹង​ចង្វាក់​តន្ត្រី​បែប Hip Hop ដែល​ធ្វើ​ឱ្យ​បទ​ចម្រៀង​ស្ដាលយ៍​ថ្មី​នេះ​មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន​ខ្លាំង​ រហូត​ប្រែក្លាយ​ជា​វប្បធម៌តន្ត្រី Hiphop ដោយ​ចង្វាក់​ Hip Hop នេះ​ តម្រូវ​ឱ្យ​មាន​​ដូច​ជា​៖

DJ ចាក់់ឌីស

មាន​ MC ជា​ Rapper ចាំ​ដំណើរ​ការ​កម្មវិធី​ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ចូលរួម​
ចង្វាក់​តន្ត្រី​កន្ត្រាក់​អារម្មណ៍​

មាន​ការ​រាំ​បែប​ B-Boy

ការតុបតែងខ្លួន​បែប​ Fashion

មាន​លាយ​ឡំ​សិល្បៈ​ គូរ​លើ​ជញ្ជាំង ឬ​ លាប​​លើ​ជញ្ជាំង​

តើ​ ​តន្ត្រី​ Hip Hop និង​ Rap មាន​ភាព​ខុស​ប្លែក​គ្នា​ត្រង់​ចំណុច​ណាដែរ​?

តន្ត្រី​ Hip Hop គឺជា​ចង្វាក់​តន្ត្រី​មួយ​ប្រភេទ​ដែល​គេ​និយម​ទូលំទូលាយ​ មាន​ឥទ្ធិពល​ចំពោះ​ជីវិត​មនុស្ស​ដែល​ចូលចិត្ត​តន្ត្រី​ប្រភេទ​នេះ​ រហូត​មាន​ការ​លើក​តម្កើង​ឱ្យ​ក្លាយ​ជា​វប្បធម៌ Hip-Hop ចំណែក​ Rap ប្រៀប​ដូច​ជា​ការ​សូត្រ​កំណាព្យ​ ដែល​មាន​ផ្សំ​ពាក្យ​ចុង​ជួន ​ហើយ​សូត្រ​លឿន ផ្សំ​ដោយ​ចង្វាក់​តន្ត្រី​ដើម្បី​បន្ថែម​ភាព​សប្បាយ​រីករាយ​ ទើប​គេ​ចាត់​ទុក​ថា​ Rap គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌ Hip Hop។

Hip Hop ដំបូង​ឡើយ​គឺ​សំដៅ​ដល់​តន្ត្រី​របស់​ជនជាតិ​ស្បែក​ខ្មៅ ដែល​មាន​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​តន្ត្រីតាម​បែប​ Jamaica, R&B, Funk, Soul ដោយ​ផ្ដោត​សំខាន់​លើ​ Percussion និង​ Beat។

ចំណែក​អត្ថន័យ​មួយ​ទៀត​ Hip-Hop គឺជា​វប្បធម៌​ និង​វិធី​ជីវិត​របស់​មនុស្ស​ក្នុង​សង្គម​ដែល​កើត​ឡើង​មក​ជាមួយ​​នឹង​តន្ត្រី​មិន​ថា​ជា​ DJ ការ​រាំ​ Break Dance ការ​តុបតែងកាយ​ រួម​ទាំង​សិល្បៈ​គូរ​លើ​ជញ្ជាំង​ជា​ដើម​។ ការ​ពេញ​និយម​តន្ត្រី​​ Hip-Hop មាន​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ទ្វីប​ជា​ច្រើន​ មិន​ថា​ជា​ទ្វីប​ អាស៊ី ទ្វីប​អាហ្វ្រិច​ និង​ទ្វី​ប​ផ្សេងៗ​ទៀត​។

រីឯចង្វាក់​ Rap គឺជា​តន្ត្រី​បែប​ Rhythm and Blues មួយ​ប្រភេទ​ បូក​រួម​នឹង​ការ​អត្ថបទ​កំណាព្យ​ដែល​មាន​អត្ថន័យ​ដកស្រង់​ពីជីវិត​មក​ដាក់​បញ្ចូល​ Rap អាច​និយាយ​មួយ​បែប​ទៀត​គឺ​ជា​ចង្វាក់​ដែល​កំលាយ​ខ្លួន​ពី​ចម្រៀង​ Disco ប៉ុន្តែ​មាន​ចង្វាក់​ដែល​កន្ត្រាក់​អារម្មណ៍​ជាង​ ចំណែក​អត្ថន័យ​របស់​បទ​ត្រូវតែ​មាន​និង​មាន​ចុង​ជួន។​

Share.