កីឡាករ​ខ្មែរ-អាមេរិក Nick Taylor ត្រូវ​បាន​លោក Keisuke Honda កោះហៅ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើដំណើរ​មក​ដល់​​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រោយ​រូបគេ​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក នៅ​រសៀល​ថ្ងៃ​ពុធ ម្សិលមិញ។

កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា ចំនួន​២៤​នាក់ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ប្រកាស​បង្ហាញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ​ដោយ​មាន​កីឡាករ Nick Taylor ផង​ដែរ។ កីឡាករ​វ័យ ២៤​ឆ្នាំ បច្ចុប្បន្ន​ប្រកប​អាជីព​នៅ​ក្រុម Orlando City B ក្នុង​ពានរង្វាន់ MLS Next Pro របស់​សហរដ្ឋអាមេរិក។

អត្ថបទពាក់ព័ន្ធ៖Nick Taylor ជាប់តេស្តកម្លាំង 30-15 IFT ដោយស្វ័យប្រវត្តិ ក្រោយមានការយោគយល់ពី FFC

«យើង​រំពឹង​ថា​គាត់ (Nick Taylor) មក​ទាន់​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ល្ងាច​នេះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រាប់​មក​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប្រមូល​ផ្តុំ​ពី​ល្ងាច​ថ្ងៃ​ពុធ នេះ​តទៅ​ហើយ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស វេលា​ម៉ោង​៧យប់​នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ។

បើ​តាម​កាលវិភាគ​នៃ​ការ​ហ្វឹកហាត់​ថ្ងៃ​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ផ្តល់​មក​កាន់​អ្នក​សារព័ត៌មាន​ជា​ផ្លូវការ​នោះ នឹង​ចាប់​ផ្តើម​ហ្វឹកហាត់​ពី​ម៉ោង​៥:៣០នាទី​ល្ងាច​រហូត​ដល់​ម៉ោង​៧យប់ ខណៈ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោម​អាយុ​២៣​ឆ្នាំ​ត្រូវ​ហ្វឹកហាត់​មុន​គឺ​ចាប់​ពី​ម៉ោង​៤ដល់​ម៉ោង​៥:៣០នាទី​ល្ងាច៕

Share.