ព្យុះទីហ្វុង Muifa នៅថ្ងៃ ព្រហស្បតិ៍ នេះ បានបោកបក់បង្កឲ្យមានការបាក់ដីជាលើកទី២ នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល បន្ទាប់ពីបានប្រកាសលុបចោលជើងហោះហើរដឹកអ្នកដំណើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិចំនួន ២ ក្នុងទីក្រុង សៀងហៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ព្យុះដែលកម្លាំងខ្យល់រហូតដល់ទៅ ១២៦គីឡូម៉ែត្រក្នុង ១ម៉ោង បានបណ្ដាលឲ្យមានការបាក់ដីនៅម៉ោង ១២:៣០ យប់រំលងអធ្រាត នៅក្នុងសង្កាត់ Fengxian នៃទីក្រុង សៀងហៃ។

ព្យុះទីហ្វុង Muifa ធ្លាប់បានវាយប្រហារទីក្រុង Zhoushan ក្នុងខេត្ត Zhejiang កាលពីថ្ងៃ ពុធ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

រដ្ឋបាលឧតុនិយមកណ្ដាលរបស់ប្រទេសចិន បានចេញការជូនដំណឹងអំពីព្យុះទីហ្វុងកម្រិតខ្ពស់បំផុតរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំនេះ ដោយនិយាយថា Muifa នឹងបង្កើនកម្លាំងនៅពេលដែលវាខិតជិតឆ្នេរសមុទ្រ។

ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ខ្យល់បោកបក់ និង ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍តាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនរហូតដល់ព្រឹកថ្ងៃ ព្រហស្បតិ៍នេះ ហើយតំបន់ពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់លើការការពារទឹកជំនន់ភ្លាមៗ និង គ្រោះមហន្ដរាយភូមិសាស្រ្តដែលអាចបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។

Shanghai Airport Group បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួននឹងប្រកាសពីការកែសម្រួលជើងហោះហើរនៅអាកាសយាន្ដដ្ឋានទាំង២ ដល់សាធារណៈជនក្នុងលក្ខណៈទាន់ពេលវេលា ស្របតាមឥទ្ធិពលរបស់ព្យុះទីហ្វុង។

ព្យុះនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីព្យុះទីហ្វុង Hinnamnor បានវាយប្រហារទីក្រុង សៀងហៃ និង តំបន់ជិតខាងរបស់ខ្លួនកាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមានការផ្អាកសេវាកម្មសាឡាងសៀងហៃ រួមទាំងបិទសាលារៀននៅក្នុងផ្នែកខ្លះនៃខេត្ត Zhejiang ផងដែរ។

ដោយឡែកនាថ្ងៃ ពុធ សប្ដាហ៍នេះ អាជ្ញាធរខេត្ត Zhejiang បានបញ្ជាឲ្យទូកនេសាទទាំងអស់ត្រឡប់ទៅកំពង់ផែវិញ នៅវេលាថ្ងៃត្រង់នេះ ដោយបានបិទសាលារៀន នៅក្នុងទីក្រុងចំនួន៣ ផ្អាកផ្លូវសាឡាងដឹកអ្នកដំណើរ និង បិទតំបន់ទេសចរណ៍នានា។

សូមជម្រាបថា ព្យុះទីហ្វុង Muifa គឺជាព្យុះទី១២ ដែលវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ ប៉ុន្ដែផលប៉ះពាល់របស់វាត្រូវបានគេរំពឹងថា នឹងថយចុះជាបណ្ដើរៗនៅពេលវារំកិលទៅភាគខាងជើងនាថ្ងៃ ព្រហស្បតិ៍នេះ៕

ប្រភព៖ CNA

Share.