ខ្សែប្រយុទ្ធជួរមុខរបស់ក្លិប FC Bayern Munich គឺកីឡាករ Thomas Muller ត្រូវបានចោរគាស់ផ្ទះម៉ោងប្រហែល១០:០០ យប់ ថ្ងៃអង្គារ សប្ដាហ៍នេះ ពោលគឺនៅអំឡុងការប្រកួត UEFA Champions League ទល់នឹង ក្រុម FC Barcelona នៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ប្រទេសល្លឺម៉ង់។

បើតាមសារព័ត៌មាន Bild របស់អាល្លឺម៉ង់ បញ្ជាក់ថាប្រធានក្រុម Bayern Munich វ័យ៣៣ឆ្នាំ រូបនេះ បានដឹងពីឧបទ្ទវហេតុភ្លាមៗបន្ទាប់ ត្រលប់ទៅផ្ទះភ្លាម ក្រោយដណ្តើមបានជ័យជម្នះ២ទល់០ លើក្រុម Barcelona។ យ៉ាងណាក្តី Muller មិនបានផ្តល់បទសម្ភាសន៍ជាក់លាក់ណាមួយជុំវិញករណីនេះនោះទេ។

នគរបាលបានបញ្ជាក់ថា ប្រាក់ គ្រឿងអលង្ការ និងវត្ថុមានតម្លៃជាច្រើនត្រូវបានបាត់បង់ ខណៈសារព័ត៌មានខ្លះរាយការណ៍ថា ការបាត់បង់នេះមានទំហំច្រើនជាងកន្លះលានអឺរ៉ូ។

នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណណាមួយពាក់ព័ន្ធនឹងជនល្មើសនៅក្នុងករណីចូលលួចទ្រព្យនៅផ្ទះ Muller នៅឡើយទេ ប៉ុន្តែសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមដាននៅឡើយ៕

Share.