ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកJeep ពាក់ស្លាកលេខខេមរៈភូមិន្ទមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តដឹកសំរាម ក្រុមហ៊ុនស៊ីនទ្រី ខណៈកំពុងឈប់ប្រមូលសំរាមពីក្រោយពេញទំហឹងបណ្តាលឲ្យកម្មករពីរនាក់ដែលកំពុងប្រមូលសំរាមរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៥០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២១៧ ក្បែរស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងពណ៌លឿង ឈប់ប្រមូលសំរាមនៅចំណុចទីតាំងកើតហេតុ ក្នុងទើសដៅត្បូងជើង ខណ:នោះគេឃើញកម្មករ៣ទៅ៤នាក់ កំពុងប្រមូលសំរាមដាក់ក្នុងរថយន្ត។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាកJeep មួយគ្រឿងពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-5881បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាក្នុងល្បឿនលឿន បុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្ដាលឲ្យកម្មករប្រមូលសំរាមពីរនាក់ដែលកំពុងប្រមូលសំរាមខ្ទាតទៅមុខរថយន្តបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តបង្កមិនមានរងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមិនចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.