កណ្តាល៖ លោក ម៉ម សុធានី នាយកសាលាសេរីភាព ក្រុងតាខ្មៅ អាចនឹងប្រឈមទណ្ឌកម្មវិន័យរបស់ក្រសួង បន្ទាប់ពីមានការចែកចាយវីឌីអូ ថាលោកបានប្រើហិង្សាទៅលើសិស្សស្រីម្នាក់នៅសាលា ​តាមបណ្ដាញសង្គម បង្កការភ្ញាក់ផ្អើល នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

តាមប្រភពព័ត៌មានពីអ្នកផ្តល់ម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីនេះកើតឡើង គឺដោយសារតែ សិស្សថ្នាក់ទី១២ បាននាំគ្នាលេងគូរអាវក្រោយប្រលងឆមាសចប់ ព្រោះឃើញសាលាគេដទៃលេងគូរអាវបែបនេះដែរ។

ក្រោយមកលោកនាយកសាលាដឹង ក៏ឱ្យប្រមូលគ្នាឲ្យតម្រង់ជួរហាលក្ដៅខ្ទង់ម៉ោងជិត១០ថ្ងៃ និងឱ្យរង់ចាំរហូតដល់អាណាព្យាបាលយកអាវថ្មីមកដូរ ហើយប្រគល់អាវដែលគូរហ្នឹងឱ្យលោកនាយក ទើបឱ្យត្រលប់ទៅផ្ទះវិញ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា៖កាលថ្ងៃពុធទី៧ ខែកញ្ញា ឆ្នាំ២០២២ ពេលប្រឡងចប់សិស្សបាននាំគ្នាគូសអាវម្តងរួចមកហើយ លោកនាយកក៏គាត់ហៅឱ្យចូលក្នុងថ្នាក់ណែនាំ និងហាមមិនឱ្យគូសទេ ព្រោះសាលានៅរៀនបន្តទៀតរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ហើយប្រពៃណីខ្មែរ ក៏គ្មានវប្បធម៌គូសអាវក្នុងសាលាដូច្នេះដែរ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល លោក ចេង សំអុល បានឱ្យដឹងថា ខណៈពេលនេះមន្ទីរអប់រំបានហៅលោកនាយកសាលាសេរីភាព ក្រុងតាខ្មៅ មកសាកសួរអំពីដំណើរដើមទងហើយ។ 

ជាមួយគ្នានោះដែរ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាននឹងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

Share.