នាពេលថ្មីៗនេះ បញ្ហានាយកសាលាសេរីភាពក្រុងតាខ្មៅប្រើហិង្សាលើសិស្ស ដូចដែលវីដេអូបានបង្ហោះនៅលើបណ្ដាញសង្គមនោះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលទាំងមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក រួមទាំងអ្នកសិល្បៈផងដែរ។

បើតាមនប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ពេលប្រឡងចប់សិស្សបាននាំគ្នាគូសអាវម្តងរួចមកហើយ លោកនាយកក៏គាត់ហៅឱ្យចូលក្នុងថ្នាក់ណែនាំ និងហាមមិនឱ្យគូសទេ ព្រោះសាលានៅរៀនបន្តទៀតរហូតដល់ខែ វិច្ឆិកា ឆ្នាំ២០២២។ ហើយប្រពៃណីខ្មែរ ក៏គ្មានវប្បធម៌គូសអាវក្នុងសាលាដូច្នេះដែរ។ បញ្ហានេះកំពុងតែក្លាយជាប្រធានបទក្ដៅបានលើកឡើងនិងវែកញែកអស់មួយប្រ៉ាវ។

ជាមួយគ្នានោះដែរ តារាចម្រៀងស្រី ប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ក៏បានបង្ហោះនៅលើបណ្ដាញសង្គមដោយវែកញែកឱ្យមហាជនដឹងពីវិន័យតឹងរឹងកាលនៅវ័យសិក្សា។ កញ្ញារៀបរាប់ថា៖ «សម័យកាលចេចេនៅរៀន សិស្សណាដែរមករៀនយឹត.រឹងមិនស្តាប់គ្រូពន្យល់ពេលរៀន… សុទ្ឋតែស៊ីរំពាត់រឺអោយឈរនៅមុខថ្នាក់រៀន… ហើយបើលាបសក់ពណ៍វិញគឺហៅទៅប្រដៅម្តងរឺពីរដងមិនស្តាប់កាត់សក់និងចោលហ្មង… តិចថាទៅផ្ទះវិញប្រាប់ម៉ែថាគ្រូនៅសាលាវ៉ៃកូន… គិតថាម៉ែកាន់ជើងកូនទៅ… អត់ទេណាមានតែជេរយើងថែម… ហើយផ្តាំគ្រូទៀតបើកូនខ្ញុំនៅសាលាខូចមិនស្តាប់គ្រូវ៉ៃវាទៅហាហា….. ការវ៉ៃប្រដៅរបស់លោកគ្រូអ្នកគ្រូនេះហើយទើបពួកខ្ញុំដែរជាសិស្សមានអនាគតល្អល្អ… ម្នាក់ម្នាក់ឡូវមានមុខរបរសុទ្ឋតែប្រសើរ… មិនអោយលោកគ្រូអ្នកគ្រូខកបំណង..»។

យ៉ាងណាមិញ ក្រោយមានលើកឡើងពាសពេញបណ្ដាញសង្គមហើយនោះ ករណីខាងលើនេះ ប្រធានមន្ទីអប់រំក្រុងតាខ្មៅក៏បានហៅលោកនាយកសាលាសេរីភាពក្រុងតាខ្មៅ មកសាកសួរអំពីដំណើរដើមទងហើយ។ ជាមួយគ្នានោះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងតែស្រាវជ្រាវលើកករណីនេះ ដើម្បីកុំឱ្យមហាជនមានការយល់ច្រឡំបន្តទៀត៕

Share.