ថ្ងៃ​នេះ​​មាន​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​ត្រយង​ សូម​លើក​យក​មក​ជម្រាប​ជូន​មិត្ត​អ្នក​អាន​ពាក់ព័ន្ធ​នឹង​ជំងឺ​ Covid-១៩ តែ​មិន​មែន​រឿង​វ៉ាក់សាំង​ការពារជំងឺ​កូវីដ​នោះ​ទេ​ តែ​ជា​រឿង​ទំនាក់ទំនង​និង​សម្ព័ន្ធភាព​។ អ្នក​វិភាគ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ Covid-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ភាគ​ច្រើន​ត្រលប់​មក​ជជែក​ជាមួយ​នឹង​សង្សារ​ចាស់​កាន់​តែ​ច្រើន​ឡើង​ ថែម​ទាំង​ធ្វើ​ឱ្យ​ឈ្លោះ​ជាមួយ​សង្សារ​បច្ចុប្បន្ន​កាន់​តែ​ច្រើន​ជាង​មុន។

បច្ច័យ​សំខាន់​​ដែល​ធ្វើ​ឱ្យ​សង្សារចាស់​អាច​ជជែក​គ្នា​ន​ឡើង​វិញ​បាន​នោះ​គឺ​​ Social Media (បណ្ដាញ​សង្គម​)​

ចាប់​តាំង​ពី​មាន​កើត​នូវ​ជំងឺ​ Covid-19 គ្មាន​អ្នកណា​ហ៊ាន​បដិសេធ​ទេ​ថា​ មនុស្ស​មួយ​ភាគ​ធំ​បាន​ប្រើ​ពេលវេលា​​ច្រើន​នៅ​ជាមួយ​នឹង​បណ្ដាញ​សង្គម​ និយាយ​បាន​យ៉ាង​ងាយ​ថា​វា​ធ្វើ​ឱ្យ​យើង​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​កាន់​តែ​ងាយ​ស្រួល​ យោង​តាម​លទ្ធផល​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា​គូស្នេហ៍​ទោះ​ជា​នៅ​ឆ្ងាយ​ពី​គ្នា ឱ្យ​តែ​មាន​បណ្ដាញ​សង្គម​ក៏​ធ្វើ​ឱ្យ​មាន​ក្ដី​សុខ​បាន​ច្រើន​ដូច​គ្នា​។

ទោះ​យ៉ាង​នេះ​ក្ដី​យោង​តាម​លទ្ធផល​វិភាគ​ពី​ Kinsey បាន​សាក​ល្បង​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ ក្នុង​​នោះ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​នៃ​ក្រុម​អ្នក​ចូលរួម​សាក​ល្បង​ទាំង​អស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ពួក​គេ​ត្រលប់​ទៅ​​ទាក់ទង​ជាមួយ​នឹង​សង្សារ​ចាស់​កាន់​តែ​ច្រើន​ អាច​ដោយ​សារ​តែ​ក្ដី​បារម្ភ​ ការ​ចង់​ដឹង​ឮ​ មួយ​ចំណែក​ទៀត​អាច​ដោយ​សារ​តែ​អារម្មណ៍​ប្រច័ណ្ឌ។

អារម្មណ៍​​នៃ​ចិត្ត​ប្រច័ណ្ឌ?​​

អារម្មណ៍​ប្រច័ណ្ឌ​កើត​មាន​ឡើង​នៅ​ពេល​សម្ព័ន្ធភាព​នោះ​​មាន​បុគ្គល​ទីបី​ចូល​មក​ អាច​និយាយ​ដោយ​ងាយ​ថា​ច្រណែន​ ដែល​ត្រូវ​បាត់បង់​អ្វី​ម្យ៉ាង​ បើ​បូក​ផ្សំ​ជាមួយ​នឹង​លទ្ធផល​វិភាគ​ផ្សេង​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ អ្នក​សរសេរ​ធ្លាប់​អាន​ចំ​អត្ថបទ​មួយ​ដែល​បាន​លើក​ឡើង​ថា​ក្នុង​កំឡុង​ Covid-19 មាន​ស្វាមី​ភរិយា​ជា​ច្រើន​គូ​បាន​លែងលះ​គ្នា​កាន់​តែ​ច្រើន​ឡើង​ ដែល​បង្ក​មក​ពី​បណ្ដាញ​សង្គម​ ដូច​ជា​ Facebook ជា​ដើម​។

ហ្វេសប៊ុក​អាច​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​រូបភាព​បុគ្គល​ចាស់​ៗ​ ដែល​យើង​ធ្លាប់​មាន​ទំនាក់ទំនង​ ដែល​អាច​ធ្វើ​ឱ្យ​យើង​កើត​មាន​អារម្មណ៍​ច្រណែន​ឡើង​ ប៉ុន្តែ​ហេតុផល​ផ្សេង​ទៀត​អាច​បណ្ដាល​មក​ពី​ទំនាក់ទំនង​មាន​ភាព​មិន​សូវ​រឹងមាំ​។ គូស្នេហ៍​ខ្លះ​សេពគប់​គ្នា​ តែ​មិន​ព្រម​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ ធ្វើ​ឱ្យ​កើត​ជា​រឿង​គិត​ខ្លួន​ ភ្លើង​ប្រច័ណ្ឌ​ ក្ដី​សង្ឃឹម​ និយាយ​រួម​មាន​ចំណុច​ជា​ច្រើន សរុប​ជា​រួម​គឺ​គ្រប់​យ៉ាង​គិត​ខ្លួន​ឯង​រហូត​បង្កើត​ជា​ការ​សង្ស័យ​ ហើយ​ការ​សង្ស័យ​នេះ​ឯង​ដែល​នាំ​ឱ្យ​គ្រប់​គ្នា​ចង់​បាន​ចម្លើយ​ នៅ​ពេល​ស្វែង​រក​ចម្លើយ​ក៏​នាំ​ឱ្យ​កើត​ជា​បញ្ហា​ក៏​ថា​បាន​។

ក្រៅ​ពី​ត្រលប់​ទៅ​មើល​ Profile និង ជជែក​គ្នា​ជាមួយ​នឹង​សង្សារ​ចាស់​ហើយ​ អ្នក​វិភាគ​នៅ​បង្ហាញ​ចំណុច​សំខាន់​មួយ​ទៀត​ថា​ គូស្នេហ៍​អាច​នឹង​កើត​មាន​ចិត្ត​ប្រច័ណ្ឌ​ហើយ​តាមដាន​ Status ឬ​ Comment របស់​សង្សារ​កាន់​តែ​ស្អិត​ជាង​ធម្មតា​ ហើយ​អាច​នឹង​តាម​ទៅ​មើល​នៅ​លើ​ Platform ផ្សេងៗ​ថែម​ទៀត​ផង​។​

អ្នក​វិភាគ​ក៏​បាន​ណែនាំ​ដែរ​ថា​បញ្ហា​ខាង​លើ​នេះ​អាច​នឹង​នាំ​ឱ្យ​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត​គឺ​ការ​និយាយ​គ្នា​ត្រង់​ទៅត្រង់​មក​ កុំ​ធ្វើ​ឱ្យ​ចិត្ត​សង្ស័យ​នាំ​ឱ្យ​កើត​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​។ ចំណុច​គួរ​ពិចារណា​មួយ​ទៀត​គឺ​កុំ​ប្រើពេលវេលា​ទៅ​លើ​បណ្ដាញ​សង្គម​ជ្រុល​ហួសហេតុ​ពេក​ យក​ល្អ​គួរ​តែ​កាត់​ការ​លេង​បណ្ដាញ​សង្គម​ដើម្បី​ចៀសវាង​បញ្ហា​។

អ្នក​វិភាគ​ក៏​​បាន​លើក​ឡើង​ដែរ​ ​បញ្ហា​នេះ​កើត​ពី​ការ​នឹក​រលឹក​ដែល​នៅ​ឃ្លាត​ឆ្ងាយ​គ្នា​ព្រោះ​បញ្ហា​ជំងឺ​ឆ្លង​ផង​ ការ​ទំនេរ​ពី​ការងារ​ច្រើន​ពេក​ផង​ ទើប​ធ្វើ​ឱ្យ​មនុស្ស​មាន​ពេល​ទំនេរ​​និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ឡើង​ ព្រោះ​មនុស្ស​យើង​មាន​​ចំណង់​ចង់​ដឹង​ចង់​ឮ​ចង់​ត្រលប់​ទៅ​ប្រើប្រាស់​ជីវិត​ដូច​កាល​ពី​មុន​៕​

Telegram-Troryorng
Share.