កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅពីអាជីពជាតារាសម្ដែង និងបង្ហាញម៉ូដហើយនោះ ថ្មីៗនេះ មហាជនគ្រប់គ្នាបានស្គាល់ថា ជាម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០២២ ដែលនឹងត្រៀមខ្លួនទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខនេះ។ ម្ចាស់មកុដMGCជំនាន់ថ្មីរបស់រូបនេះដូចមិនសម្ញំស្ញៀមឡើយ កញ្ញារមែងបង្ហាញសម្មភាពយ៉ាងសកម្មក្នុងកម្មវិធីមនុស្សធម៌ជាច្រើន ដែលពិតជាបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងពោលសរសើរពីទឹកចិត្តរបស់កញ្ញា។

នៅពេលថ្មីៗនេះ គេបានមើលឃើញថា បវរកញ្ញារូបនេះបាននាំថវិកាផ្ទាល់ខ្លួនមួយចំនួន និងថវិកាកៀរគរពីសប្បុរសនានា ដើម្បីយកទៅជួសជុលសាលារៀនដែលកំពុងទ្រុឌទ្រោម និងចែកអំណោចទៅដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាព្រៃគគីរ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

តាមការរៀបរាប់របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា កញ្ញាពិតជាមានមោទនភាពនិងភាពសប្បាយរីករាយខ្លាំងណាស់ដែលបានចូលជាចំណែកមួយ ក្នុងការផ្សព្វផ្សាយសំឡេងរបស់កញ្ញាលើកទឹកចិត្តដល់កុមារជាច្រើននាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ កញ្ញាលើកឡើងថា កាលពីកុមារភាពកញ្ញាក៏ធ្លាប់ជាក្មេងស្រីដែលកើតក្នុងត្រកូលខ្វះខ្វាត ជាពិសេសរងចាំជំនួយដើម្បីបន្តការសិក្សា ក៏ប៉ុន្តែកញ្ញាថា កញ្ញាមិនដែលគិតបោះបង់ការសិក្សាសោះឡើយ ព្រោះនេះគឺជាការតាំងចិត្តយ៉ាងមុតមាំ។ វឌ្ឍី បានសំណូមពរឱ្យកុមារៗនៅក្នុងសាលាបឋមសិក្សាព្រៃគគីរ តាំងចិត្តសិក្សាឱ្យបានវែងឆ្ងាយ ព្រោះពួកគេគឺជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជាផងដែរ។

ក្រៅសកម្មភាពដែលបានរៀបរាប់ខាងលើនេះ កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី ក៏បានបង្ហាញសកម្មភាពផ្សេងៗទៀត ដូចជាការចូលរួមបរិច្ចាគឈាមជួយដល់សង្គមជាមួយកញ្ញា នី មុន្នីនាថ ដែលបានបង្កើតកម្មវិធី «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម ផ្តល់ក្តីស្រលាញ់ ផ្តល់ជីវិតថ្មី ជួយអាយុជីវិតមនុស្ស ដោយមិនប៉ះពាល់សុខភាព» ថែមទៀតផង។ ម្ចាស់មកុដ MGC ជំនាន់ថ្មីរបស់រូបនេះ ហាក់ដូចមិនបន្ធូរដៃក្នុងរឿងជួយសង្គមឡើយ ដោយកញ្ញាប្ដេជ្ញាចិត្តថា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្គមជាតិ។

ដោយឡែក កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី សន្យាថា នឹងនាំយកក្តីស្រលាញ់ និងការផ្តល់កម្លាំងចិត្តរបស់អ្នកគាំទ្រទាំងអស់គ្នា ដើម្បីដណ្តើមមកុដពីវេទិកាប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី ឱ្យទាល់តែបានដើម្បីនាំមុខមាត់មកកាន់មាតុភូមិវិញ៕

Share.